Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សភាតួកគីអនុម័តច្បាប់ដាក់ពន្ធនាគារអ្នកកាសែត ឬអ្នកប្រើប្រាស់បញ្តាញសង្គម​ ដែលផ្សព្វផ្សាយព័ត៌មានមិនពិតរហូតដល់បីឆ្នាំ

18-10-2022 18:51

(អង់ការ៉ា)៖ សភារបស់ប្រទេសតួកគី កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បានអនុម័តច្បាប់មួយ ដែលស្នើឡើងដោយប្រធានាធិបតី លោក Tayyip Erdogan ដែលនឹងដាក់ពន្ធនាគារអ្នកកាសែត និងអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម រហូតដល់បីឆ្នាំ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត បើទោះបីជាមានការព្រួយបារម្ភយ៉ាងខ្លាំង លើសេរីភាពបញ្ចេញមតិក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

សមាជិកសភាមកពីគណបក្ស AKP ដែលកំពុងកាន់អំណាចរបស់ លោក Erdogan និងសម្ព័ន្ធមិត្តជាតិនិយមរបស់ខ្លួន MHP ដែលរួមគ្នាមានសំឡេងភាគច្រើន បានបោះឆ្នោតអនុម័តច្បាប់នេះ បើទោះបីជាមានសមាជិកសភាបក្សប្រឆាំង បណ្តាប្រទេសអឺរ៉ុប និងសកម្មជនសិទ្ធិប្រព័ន្ធផ្សព្វផ្សាយ បានអំពាវនាវឱ្យលុបចោលវាក៏ដោយ។

មាត្រា២៩ នៃ​ច្បាប់​នេះបាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ខ្លាំងបំផុត ​ជុំវិញ​ការ​បញ្ចេញ​មតិ​ដោយ​សេរី​ ដោយបានសង្កត់ធ្ងន់ថា អ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិតតាមអ៊ិនធរណេត អំពីសន្តិសុខរបស់ប្រទេសតួកគី ក្នុងគោលបំណងបង្កើតការភ័យខ្លាច និងរំខានដល់សណ្តាប់ធ្នាប់សាធារណៈ នឹងប្រឈមមុខនឹងការជាប់ពន្ធនាគារពី១ ទៅ៣ឆ្នាំ។

ក្រុមអ្នកសង្កេតការណ៍អ៊ឺរ៉ុបបានកត់សម្គាល់ថា ច្បាប់ថ្មីនេះមិនមានគោលដៅបំបាត់ «ព័ត៌មានមិនពិត ឬបំភាន់» ឡើយ ប៉ុន្តែវាជាការបើកផ្លូវសម្រាប់ការបង្រ្កាបមួយផ្សេងទៀត លើអ្នកប្រឆាំងនៅក្នុងប្រទេសតួកគីតែប៉ុណ្ណោះ៕