(កូឡុំបូ)៖ អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់មកពីអង្គការស្រាវជ្រាវអគារជាតិ (NBRO) បានព្រមានកាលពីថ្ងៃអង្គារថា ប្រជាជនស្រីលង្កាប្រហែល ៣៨ភាគរយ​​ កំពុងរស់នៅក្នុងតំបន់ដែលងាយនឹងរងគ្រោះរអិលបាក់ដី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី១៨ ខែតុលា​​ ឆ្នាំ២០២២។

លោកបណ្ឌិត Wasantha Senadeera អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់មកពី NBRO បាននិយាយថា ស្រុកចំនួន១៤ នៅក្នុងប្រទេសដែលស្មើរនឹង៣០ភាគរយនៃផ្ទៃប្រទេស ងាយនឹងរងគ្រោះបាក់ដី ជាពិសេសនៅតំបន់ភាគកណ្តាលនៃប្រទេស។

លោកបានមានប្រសាសន៍ថា «ទោះបីជាមានការព្រមានរបស់យើងក៏ដោយ ក៏ចំនួនប្រជាជនកាន់តែច្រើនឡើង បានតាំងទីលំនៅនៅក្នុងតំបន់ទាំងនេះ។ មនុស្សទាំងនេះក៏ជាកត្តាបង្កើនហានិភ័យនៃការរអិលបាក់ដីកាន់តែខ្លាំងឡើងផងដែរ។

លោក Senadeera បានបន្តថា ភ្លៀងធ្លាក់ខ្លាំងនៅស្រីលង្កាបានធូរស្បើយបន្តិចមកវិញ ប៉ុន្តែហានិភ័យនៃការរអិលបាក់ដីគឺនៅតែកើតមាននៅក្នុងតំបន់មួយចំនួន៕