(កៀវ)៖ រុស្ស៊ីបានប្រើប្រាស់យុទ្ធវិធីថ្មីក្នុងការវាយប្រហារតាមបណ្តាក្រុងរបស់អ៊ុយក្រែន។ រុស្ស៊ី បានប្រើអាវុធដ្រូនអត្តឃាតរបស់ខ្លួនធ្វើការវាយប្រហារដាក់លើទីតាំង នានារបស់អ៊ុយក្រែនសូម្បី តែក្នុងរដ្ឋធានីគៀវ។ តើដ្រូនអត្តឃាតនោះ ជាដ្រូនប្រភេទអ្វីនិងមានលំនាំមកពីណា? អ៊ុយក្រែនបានចោទរុស្ស៊ីថាបានប្រើដ្រូន «kamikaze» ឬដ្រូនអត្តឃាតប្រឆាំងនឹងគោលដៅជនស៊ីវិលវាយប្រហារដាក់មកលើបណ្តាទីក្រុងជាច្រើនក្នុងនោះរួមមានទីក្រុងគៀវសាជាថ្មី ផងទៀតដែរ។

ការវាយប្រហារសាជាថ្មីមកលើបណ្តាទីក្រុងរបស់អ៊ុយក្រែនជាពិសេសដោយ ដ្រូនអត្តឃាតនេះ ត្រូវគេរាយការណ៍ថាមានលក្ខណៈបាញ់ស្រោចដូចទឹកភ្លៀង ស្រដៀងនឹងការវាយប្រហារកើតឡើងកាលពីសប្តាហ៍មុន។ ទាហានអ៊ុយក្រែនបានបាញ់ពីខាងក្រោមឡើង ទៅលើអាកាសដើម្បីទប់ស្កាត់អាវុធដ្រូនរុស្ស៊ី ផ្ទៃអាកាស ខណៈដែលប្រព័ន្ធការពារអាកាសដែលសម្រាប់ត្រៀមទុកបាញ់ស្កាត់មីស៊ីលសត្រូវ មិនអាចទប់ស្កាត់បានជោគជ័យចំពោះការវាយប្រហារដោយអាវុធដ្រូន នោះឡើយ។ ដ្រូនទាំង នោះបានបើកបំបុកលើគោលដៅបំផ្ទុះបង្កជាអគ្គីភ័យនិងការខូចខាតអគារជាច្រើន រួមទាំងកន្លែងពលរដ្ឋស្នាក់នៅនិងហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនថែមទៀត។ នេះជាការវាយប្រហារដ៏ខ្លាំងរបស់រុស្ស៊ីបកត្រឡប់មកលើអ៊ុយក្រែនវិញ បន្ទាប់ពីបានដកថយតាមទីតាំងជាច្រើននាពេលថ្មីៗកន្លងមកនេះ។

ទាហានអ៊ុយក្រែន បានថ្លែងថាក្នុងការវាយប្រហារដូចគ្រាប់ភ្លៀង សាជាថ្មីដាក់មកលើក្រុងគៀវកាលពីថ្ងៃច័ន្ទនោះ គេបានបាញ់ទម្លាក់ដ្រូនអត្តឃាតរបស់រុស្ស៊ីចំនួន ៣៧គ្រឿង ឬប្រមាណ៨៥ភាគរយនៃដ្រូនដែលបានធ្វើការវាយប្រហារមកលើក្រុងនៃប្រទេសអ៊ុយក្រែន។ សេចក្តីរាយការណ៍បានបង្ហាញថាទីតាំងម៉ារីនមួយកន្លែង នាភាគខាងត្បូង ក្រុង Mykolaiv បានរងការវាយប្រហារដោយដ្រូនអតុ្តឃាតរុស្ស៊ីដោយបានបំផ្លាញទីតាំងស្តុក ប្រេងជាច្រើន បង្កជាអណ្តាតភ្លើងឆាបឆេះ។ ការវាយប្រហារនោះ បានធ្វើឱ្យក្រុងជាច្រើនក្នុង អ៊ុយក្រែនបានរងនឹងការដាច់ថាមពលអគ្គីសនីក្នុងពេលដែលរដូវត្រជាក់បានឈានចូលមកដល់។ ក្នុងក្រុង Sumi មនុស្ស៣នាក់បានស្លាប់ដោយសារការវាយប្រហារ។

រុស្ស៊ី បានធ្វើការវាយប្រហារខ្លាំងក្លាថែមទៀតដាក់មកលើតំបន់រោងចក្រថាមពលនុយក្លេអ៊ែ័រហ្សាប៉ូរីហ្សៀផងដែរ។ ការវាយប្រហារនោះ បានកាត់ផ្តាច់ប្រព័ន្ធថាមពល អគ្គីសនីដល់បណ្តាទីក្រុងអ៊ុយក្រែន ជាច្រើនថែមទៀត។ នេះគឺជាការវាយប្រហារដ៏ក្រពុលមុខគ្នាមួយរវាងរុស្ស៊ីនិងអ៊ុយក្រែនជាបន្តថែមទៀត ក្នុងពេលដែលការចរចា បញ្ចប់សង្គ្រាមមិនទាន់អាចធ្វើទៅបាននាពេលនេះឡើយ។ មានការកត់សម្គាល់ថាការវាយប្រហារលើកនេះ គឺភាគច្រើនរុស្ស៊ីបានប្រើប្រាស់ដ្រូនអត្តឃាតច្រើនជាង ការបាញ់គ្រាប់មីស៊ីល។ ដ្រូនអតុ្តឃាត គឺជាដ្រូនដែលបំផ្ទុកខ្លួនវានូវសារធាតុផ្ទុះ។ ដ្រូននឹងបំផ្ទុះខ្លួនរបស់វានៅពេលដែលបុកឬប៉ះទង្គិចនឹងអ្វីមួយ ដែលជាគោលដៅនៃការវាយប្រហារ។

*តើដ្រូនអត្តឃាត «kamikaze» របស់រុស្ស៊ីជាដ្រូនប្រភេទអ្វី?

គេជឿថារុស្ស៊ីបានប្រើប្រាស់ដ្រូន Shahed-136 ផលិតដោយប្រទេសអ៊ីរ៉ង់។ ការប្រើដ្រូននេះ នៅក្នុងជម្លោះប្រទេសអ៊ុយក្រែននេះ គឺមានចាប់តាំងពីពាក់កណ្តាល ខែកញ្ញាកន្លងមកនេះ។ ចំពោះរុស្ស៊ីវិញ, ដ្រូនអត្តឃាតដែលកំពុងប្រើនេះ ត្រូវបានដាក់ឈ្មោះថា Geranium-2 ។ ដ្រូននេះមានជាតិផ្ទុះបំពាក់ក្នុងក្បាលគ្រាប់នៅលើ ច្រមុះរបស់វា។ ដ្រូននេះ ត្រូវបានរចនាឡើង ដើម្បីហោះក្រឡឹងពីលើគោលដៅ រហូតទាល់តែមានការណែនាំឱ្យវាយប្រហារ។ ដ្រូន Shahed-136 មានស្លាបប្រវែង ២ម៉ែត្រកន្លះ ដែលជាដ្រូននៃប្រភេទដែលប្រព័ន្ធរ៉ាដាកម្រចាប់សញ្ញាវាបានណាស់។ គេមិនច្បាស់ថាតើរុស្ស៊ីមានដ្រូនប្រភេទនេះចំនួនប៉ុន្មានទេ ប៉ុន្តែសហអាមេរិក បាននិយាយថា អ៊ីរ៉ង់គ្រោងបញ្ជូនដ្រូនច្រើនរយប្រភេទនេះទៅឱ្យប្រទេសរុស្ស៊ី។ ប្រទេសអ៊ីរ៉ង់បានបដិសេធរួចមកហើយថា គេមិនបានធ្វើដូច្នោះឡើយ។

*តើដ្រូនអត្តឃាតនេះ បានបង្កការខូចខាតអ្វីខ្លះនៅអ៊ុយក្រែន?

រុស្ស៊ីត្រូវបានគេរាយការណ៍ជាលើកដំបូងថា បានប្រើប្រាស់ដ្រូន Shahed-136 កាលពីថ្ងៃទី១៣ ខែកញ្ញា ដោយវាយប្រហារលើគោលដៅនៅជិតក្រុងគូព្យ៉ាន Kupiansk ដែលជាទីក្រុងមួយក្នុងតំបន់ Kharkiv ភាគខាងកើតនៃប្រទេស។ ក្រោយមកនៅខែកញ្ញាដដែលនោះ ប្រភេទដ្រូនដដែលនោះ ត្រូវបានគេប្រើក្នុង ការវាយប្រហារនៅភាគខាងត្បូង។ បំណែកដ្រូន ត្រូវបានគេរកឃើញកំទេចរបស់វាក្នុងទីក្រុង Odesa និង Mykolaiv។ ក្រោយមកទៀតនៅក្នុងខែតុលា ដ្រូន Shahed-136 ត្រូវបានគេឃើញចុះចតលើតំបន់ស៊ីវិលក្នុងទីក្រុងប៊ីឡា ស៊ើវខ្វា Bila Tserkva ភាគខាងត្បូងនៃទីក្រុង Kyiv។ សេចក្តីរាយការណ៍ប៊ីប៊ីស៊ី និយាយថា រុស្សីអាចនឹងប្រើប្រាស់ដ្រូនទាំងនោះ ជាជាងការប្រើមីស៊ីល ពីព្រោះវាមានតម្លៃថោកសមរម្យប្រហែល២ម៉ឺនដុល្លារនៃតម្លៃដ្រូនអត្តឃាតនីមួយៗ។

*តើអ៊ុយក្រែនព្យាយាមអាចទប់ទល់នឹងអាវុធដ្រូនបែបនេះដោយរបៀបណា?

កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ត្រូវគេរាយការណ៍ថាបានប្រើប្រាស់ប្រព័ន្ធមីស៊ីលការពារអាកាសក្នុងការបាញ់ទម្លាក់ ឬប្រើឧបករណ៍អេឡិចត្រូនិក ដើម្បីធ្វើឱ្យ ស្ទះដំណើរការរបស់ដ្រូននោះ។ ក្នុងការចាប់ផ្តើមតាំងពីដើមខែតុលានេះមក, អ៊ុយក្រែនបាននិយាយថា ពួកគេបានធ្វើឱ្យធ្លាក់យន្តហោះដ្រូនប្រភេទនេះបានប្រមាណ ៦០% ហើយនៅពេលដែលបានហោះចូលមកក្នុងរង្វង់ដីដែលមានឧបករណ៍ការពារ។ អ៊ុយក្រែនបានថ្លែងថា ដ្រូនប្រភេទនេះមានការពិបាកក្នុងការបាញ់ទម្លាក់ ណាស់។ មន្ត្រីជំនាញផ្នែកយោធាលោក Justin Crump បានប្រាប់ BBC ថា «ដ្រូនប្រភេទនេះ ហោះហើរទាប ហើយគេអាចដឹងវាធ្វើសកម្មភាពក្នុងរលកសឡេង។ ដូច្នេះគេមានការលំបាក ក្នុងការបាញ់ស្ទាក់វាតាមរយៈប្រព័ន្ធការពារអាកាសណាស់»

*តើអ៊ុយក្រែនបានប្រើប្រាស់ដ្រូនអត្តឃាតដែរឬទេ?

គេនៅមិនទាន់ដឹងច្បាស់លាស់ទេថា អ៊ុយក្រែនមានប្រភេទនៃដ្រូនអត្តឃាតរបស់ខ្លួន ប៉ុន្តែអ្នក ជំនាញយោធាជឿថា ដ្រូនអត្តឃាតអ៊ុយក្រែនអាចត្រូវបានគេ ដាក់ពង្រាយ នៅក្នុងការវាយប្រហារនាពេលថ្មីៗនេះលើមូលដ្ឋានយោធារុស្ស៊ីនៅតំបន់គ្រីមៀរភាគខាងលិច, នៅលើមូលដ្ឋាន អាកាសនៅក្បែរក្រុង Sevastopol និងនៅលើកប៉ាល់នៃកំពង់ផែ Sevastopol ។

*តើអ៊ុយក្រែន និងរុស្ស៊ី មានយន្តហោះដ្រូនអ្វីទៀត?

ដ្រូនយោធាសំខាន់របស់អ៊ុយក្រែន គឺ ដ្រូនឈ្មោះ បេរ៉ាក់តា Bayraktar TB2 ផលិតដោយទួរគី។ ដ្រូនប្រភេទនោះ មានទំហំប៉ុនយន្តហោះតូចមួយ មានកាមេរ៉ានៅលើ នោះ និងអាចបំពាក់ដោយគ្រាប់បែកបញ្ជាឡាស៊ែរ។ បណ្ឌិត Jack Watling នៃវិទ្យាស្ថាន Royal United Services បានថ្លែងថា អ៊ុយក្រែនមានអាវុធ ដ្រូនបែបនោះមិន «តិចជាង ៥០» គ្រឿងនោះទេ។ សហរដ្ឋអាមេរិកបាននិយាយថា គេក៏បានបញ្ជូនដ្រូន Switchblade ៧០០គ្រឿងផ្តល់ទៅឱ្យ អ៊ុយក្រែនផងដែរ ដែលជាប្រភេទដ្រូនអត្តឃាត។ សេចក្តីរាយការណ៍បង្ហាញដែរថា ចំណែករុស្ស៊ីក៏មានដ្រូន Orlan-10 ដែលតូចជាង និងមាំមួនបំពាក់កាមេរ៉ា និងអាចផ្ទុកគ្រាប់បែកតូចៗបានថែមទៀត។

*តើដ្រូនទាំងនោះត្រូវបានផ្នែកយោធាប្រើប្រាស់យ៉ាងដូចម្តេច?

សម្រាប់ភាគីទាំងពីរ ទាំងរុស្ស៊ី និងអ៊ុយក្រែន - ដ្រូនមានប្រសិទ្ធភាពក្នុងការអាចដឹងនូវទីតាំង សត្រូវ និងជួយដល់ទិសដៅនាំការបាញ់កាំភ្លើងធំ សម្តៅកម្ទេចទីតាំងសត្រូវ។ បណ្ឌិត Jack Watling បាននិយាយថារុស្ស៊ីអាចតម្រង់អាវុធរបស់គេក្នុងរយៈពេលពី៣ទៅ ៥នាទីតែប៉ុណ្ណោះទៅលើគោលដៅរបស់សត្រូវបន្ទាប់ពីដ្រូន Orlan-10 រកឃើញនូវទីតាំងនោះ ចំណែកការវាយប្រហារ នឹងអាចចំណាយពេលពី ២០ទៅ៣០ នាទីដើម្បីអនុវត្ត។

សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបានឈានចូលដល់ថ្ងៃទី២៣៦ហើយគិតត្រឹមថ្ងៃអង្គារ៍ទី១៨ តុលាឆ្នាំ២០២២។ រុស្ស៊ីដែលបានកាត់យកទឹកដីទាំង៤កន្លែង ពីភាគខាងកើតនិងខាងត្បូងអ៊ុយក្រែន បានបន្តការវាយប្រហារខ្លាំងក្លាទៅវិញដាក់លើកម្លាំងអ៊ុយក្រែនដែលប្តេជ្ញាដណ្តើមយកទឹកដីទាំងអស់ដែលរុស្ស៊ីគ្រប់គ្រង មកវិញ។ រុស្ស៊ីវេលាចុងក្រោយនេះបានប្រើអាវុធដ្រូនអត្តឃាតច្រើនជាងការបាញ់មីស៊ីលរបស់ខ្លួន ហើយអាវុធដ្រូននោះ ត្រូវគេឃើញថាកំពុងតែមានប្រសិទ្ធភាព ប៉ុន្តែគេមិនដឹងថាតើអាវុធដ្រូននោះ នឹងអាចដោះស្រាយបញ្ហាបញ្ចប់សង្គ្រាមដែរ ឬយ៉ាងណានោះទេ៕