Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខការទូតអាមេរិក៖ «ចិនសម្លឹងឃើញពេលវេលាកាន់តែលឿនជាងមុន ក្នុងការប្រើកម្លាំងលើកោះតៃវ៉ាន់» (Video inside)

18-10-2022 16:55

(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា ទីក្រុងប៉េកាំង ចង់ប្រើកម្លាំងលើកោះតៃវ៉ាន់ «លឿនជាងការរំពឹងទុកពីមុន» និងបានព្រមានថា ប្រធានាធិបតីចិន លោក ស៉ី ជិនពិង កំពុងដឹកនាំប្រទេសឆ្ពោះទៅរកដំណើរការនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២។

ថ្លែងប្រាប់វេទិការមួយនៅឯសាកលវិទ្យាល័យ Stanford ជាមួយលោកស្រី ខុនដូលីហ្សា រ៉ាយ (Condoleezza Rice) ដែលជាអតីតរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ប្លីនខិន បានគូសបញ្ជាក់ថា «យើងបានមើលឃើញមានភាពខុសប្លែកគ្នាខ្លាំងក្នុងប្រទេសចិន នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់ លោក ស៉ី»។

លោក ប្លីនខិន ក៏បានចោទប្រកាន់ លោក ស៉ី ថាបានបង្កើនភាពតានតឹងជុំវិញកោះតៃវ៉ាន់ ហើយថាប្រទេសចិនបានធ្វើការសម្រេចចិត្ត ជាមូលដ្ឋាន ដែលស្ថានភាពបច្ចុប្បន្នពិបាកនឹងទទួលយក ខណៈទីក្រុងប៉េកាំងប្តេជ្ញាបន្តបង្រួបបង្រួមជាមួយតៃវ៉ាន់ឡើងវិញ ក្នុងពេលវេលាឆាប់ជាងមុន។

គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថាកាលពីថ្ងៃអាទិត្យកន្លងទៅ លោក ស៉ី បាននិយាយឡើងវិញនូវប្រធានបទស្រដៀងគ្នាថា «ជំហាននៃប្រវត្តិសាស្ត្រកំពុងដំណើរការឆ្ពោះ ទៅរកការបង្រួបបង្រួមរបស់ប្រទេសចិន» ហើយថា «យើងរក្សាជម្រើសក្នុងការចាត់វិធានការចាំបាច់ទាំងអស់»។ កន្លងមកមន្រ្តីយោធាជាន់ខ្ពស់អាមេរិក ក៏ធ្លាប់បានលើកឡើងថា ប្រទេសចិនបានពង្រីកកម្លាំងយោធារបស់ខ្លួនមកដល់ចំណុច ដែលអាចមានលទ្ធភាពប្រើកម្លាំងលើ តៃវ៉ាន់បានក្នុងពេលឆាប់ៗនេះ៕