(ឡុងដ៏)៖ រដ្ឋាភិបាលអង់គ្លេស នៅថ្ងៃអង្គារនេះបានប្រកាសថា ខ្លួនកំពុងចាត់វិធានការដើម្បីរារាំងប្រទេសចិន ពីការជ្រើសរើសអ្នកធ្លាប់បម្រើការ ឬអតីតពីឡុតយោធាអង់គ្លេស ដើម្បីឲ្យទៅធ្វើការបណ្តុះបណ្តាលដល់ កងកម្លាំងប្រដាប់អាវុធចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២។

បើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ BBC នៅថ្ងៃអង្គារនេះ អតីតពីឡុតយោធាអង់គ្លេសរហូតដល់ ៣០នាក់ បានទៅហ្វឹកហាត់សមាជិកនៃកងទ័ពរំដោះប្រជាជនចិន។ រដ្ឋមន្រ្តីកងកម្លាំងប្រដាប់អាវុធ លោក ជេមស៍ ហ៊ីបភី (James Heappey) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ការជ្រើសរើសបុគ្គលិកបែបនេះគឺជាក្តីកង្វល់មួយ សម្រាប់ក្រសួងការពារជាតិអង់គ្លេស អស់រយៈពេលច្រើនឆ្នាំមកហើយ ខណៈការស៉ើបការណ៍ប្រឆាំងនឹងអង់គ្លេសកំពុងស្ថិតក្រោមការតាមដាន។

ដោយឡែក ជនជាតិអង់គ្លេសដែលបានចូលរួមក្នុងការបណ្តុះបណ្តាលបែបនេះ ក៏ត្រូវបានប្រាប់ឲ្យបញ្ឈប់ផងដែរ ហើយរដ្ឋាភិបាលគ្រោងនឹងដាក់ចេញនូវច្បាប់ផាកពិន័យ ដល់អ្នកដែលទទួលការព្រមាននេះហើយ តែនៅបន្តល្មើសនឹងច្បាប់។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុនប្រធានទីភ្នាក់ងារចារកម្មអង់គ្លេស GCHQ បានឲ្យដឹងថា ប្រទេសចិនកំពុងប្រើប្រាស់សាច់ដុំផ្នែកហិរញ្ញវត្ថុ និងវិទ្យាសាស្រ្តរបស់ខ្លួនដើម្បីរៀបចំបច្ចេកវិទ្យា ដែលមានលក្ខណៈបង្កហានិភ័យដល់សន្តិសុខពិភពលោក៕