(ស៉ីដនី)៖ នៅថ្ងៃអង្គារនេះ អូស្រ្តាលីបានប្រកាសផ្លាស់ប្តូរវិញ នូវការសម្រេចចិត្តមួយរបស់រដ្ឋាភិបាលអាណត្តិមុន ដែលទទួលស្គាល់ ទីក្រុងហ្សេរុយសាឡឹមខាងលិច (West Jerusalem) ជារដ្ឋធានីរបស់ប្រទេសអ៉ីស្រាអែល ក្រោមហេតុផលថា ស្ថានភាពនៃទីក្រុងនេះ គួរតែត្រូវដោះស្រាយតាមរយៈកិច្ចចរចាសន្តិភាព រវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២។
រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី ផេននី វ៉ុង (Penny Wong) បានថ្លែងថា អូស្រ្តាលីនឹងនៅតែជាមិត្តរបស់អ៉ីស្រាអែលជានិច្ច ហើយប្តេជ្ញាគាំទ្រឱ្យមានដំណោះស្រាយរដ្ឋពីរ នោះគឺរដ្ឋអ៉ីស្រាអែលនិងរដ្ឋប៉ាឡេស្ទីន អាចរស់នៅជាមួយគ្នាដោយសុខសន្តិភាព ក្នុងព្រំប្រទល់ដែលត្រូវបានទទួលស្គាល់ ដោយសហគមន៍អន្តរជាតិ។
រដ្ឋាភិបាលអាណត្តិមុន ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្រ្តី លោក ស្កុត ម៉ូរីសុន (Scott Morrison) បានកែប្រែគោលនយោបាយមជ្ឈិមបូព៌ារាប់ទសវត្សរ៍ កាលពីខែធ្នូ ឆ្នាំ២០១៨ តាមរយៈការប្រកាសថា អូស្រ្តាលីទទួលស្គាល់ ទីក្រុងហ្សេរុយសាឡឹមខាងលិច ជារដ្ឋធានីរបស់អ៉ីស្រាអែល។
លោកស្រី វ៉ុង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការសម្រេចចិត្តកាលពីឆ្នាំ២០១៨ របស់លោក ម៉ូរីសុន បានធ្វើឱ្យអូស្រ្តាលីប្រកាន់ជំហរផ្ទុយពីសហគមន៍អន្តរជាតិភាគច្រើន ហើយលោកស្រីសូមបង្ហាញការសោកស្តាយ ចំពោះការសម្រេចចិត្តយ៉ាងដូច្នោះ។
គួរបញ្ជាក់ថា ការសម្រេចទទួលស្គាល់ ទីក្រុងហ្សេរុយសាឡឹមខាងលិច ជារដ្ឋធានីរបស់ប្រទេសអ៉ីស្រាអែល ដោយអូស្រ្តាលីនាពេលនោះ គឺកើតឡើងនៅមួយឆ្នាំបន្ទាប់ពី អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ ទីក្រុងហ្សេរុយសាឡឹមទាំងមូល ជារដ្ឋធានីរបស់អ៉ីស្រាអែល៕