(ប៉េកាំង)៖ ថ្ងៃទី១៦ ខែតុលា សមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានបើកធ្វើនៅក្រុងប៉េកាំង។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានតំណាងឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ ធ្វើរបាយការណ៍ការងារជូនអង្គសមាជ។ ក្នុងនោះ របាយការណ៍ការងារបានធ្វើការរៀបចំចាត់ចែង ខាងយុទ្ធសាស្ត្រអំពីការកសាងប្រទេសសង្គមនិយមទំនើប ដោយគ្រប់ជ្រុងជ្រោយ ហើយបានអធិប្បាយពី លក្ខណៈពិសេសដ៏សំខាន់និងតម្រូវការ ពីឬសគល់របស់ការធ្វើទំនើបកម្មតាមបែបផែនចិន។
តើការធ្វើទំនើបកម្មតាមបែបផែនចិនជាអ្វី? ក្នុងរបាយការណ៍ការងារ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានគូសបញ្ជាក់ថា ការធ្វើទំនើបកម្មតាមបែបផែនចិន ជាការធ្វើទំនើបកម្មសង្គមនិយម ដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន វាមានលក្ខណៈពិសេសរួមជាមួយ ការធ្វើទំនើបកម្មរបស់បណ្តាប្រទេសនានាផង ហើយក៏មានលក្ខណៈពិសេសរបស់ចិន ដែលសមស្របនឹងសភាពការណ៍ ជាក់ស្តែងរបស់ខ្លួនផងដែរ ។
ការធ្វើទំនើបកម្មតាមបែបផែនចិន គឺប្រកាន់ខ្ជាប់គំនិតអភិវឌ្ឍន៍ស្តីពីការចាត់ទុកប្រជាជនជាស្នូល ផ្តោតសំខាន់ទៅលើការអភិវឌ្ឍ ដោយស៊ីសង្វាក់គ្នារវាងមនុស្សជាតិនិងធម្មជាតិ និងយកចិត្តទុកដាក់ដល់កិច្ចសហប្រតិបតិ្តការ និងឈ្នះ-ឈ្នះ។ របាយការណ៍នេះបានកំណត់យ៉ាងច្បាស់លាស់ ចំពោះតម្រូវការពីឬសគល់លើ៩ វិស័យនៃការធ្វើទំនើបកម្មតាមបែបផែនចិន ពោលគឺប្រកាន់ខ្ជាប់ការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ប្រកាន់ខ្ជាប់សង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន សម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ អភិវឌ្ឍប្រជាធិបតេយ្យរបស់ប្រជាជន ក្នុងដំណើរការទាំងមូល ធ្វើឱ្យជីវភាពខាងវិញ្ញាណរបស់ ប្រជាជនចិនមានភាពសំបូរបែប សម្រេចបាននូវភាពសម្បូរសប្បាយរួម របស់ប្រជាជនគ្រប់រូប ជំរុញការរួមរស់នៅជាមួយគ្នា ប្រកបដោយភាពចុះសម្រុងគ្នា រវាងមនុស្សនិងធម្មជាតិ ជំរុញការបង្កើតសហគមន៍រួមវាសនា របស់មនុស្សជាតិ និងបង្កើតទម្រង់ថ្មីនៃអរិយធម៌មនុស្សជាតិ។ ប្រការទាំងនេះបានគ្របដណ្តប់គ្រប់វិស័យ ដូចជាសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គមនិងអរិយធម៌អេកូឡូស៊ីជាដើម ដែលបានផ្តល់ទិសដៅប្រតិបតិ្តដល់ការកសាង ប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ។
ការអនុវត្តជាក់ស្តែងនិងបទពិសោធរបស់ ការធ្វើទំនើបកម្មតាមបែបផែនចិន បានរួមចំណែកដ៏សំខាន់និងជម្រើសថ្មី ដល់ការធ្វើទំនើបកម្មរបស់មនុស្សជាតិ។ ព្រមពេលជាមួយគ្នានេះ ផ្លូវធ្វើទំនើបកម្មតាមបែបផែនចិន ក៏បានត្រួសត្រាយផ្លូវសម្រាប់ឱ្យ ប្រទេសកំពុងអភិវឌ្ឍន៍ដើរទៅរកទំនើបកម្ម។ ការធ្វើទំនើបកម្មមិនមែនជាកម្មសិទ្ធិផ្តាច់មុខ របស់ប្រទេសលោកខាងលិចនោះទេ រាល់ប្រទេសឱ្យតែអាចស្វែងរកបាន នូវផ្លូវធ្វើទំនើបកម្មមួយដែលសមស្របនឹង សភាពការណ៍ជាក់ស្តែងរបស់ខ្លួន នោះក៏អាចសម្រេចបាននូវការអភិវឌ្ឍបែបលោតផ្លោះផងដែរ។
ការធ្វើទំនើបកម្មតាមបែបផែនចិនបានគូសបញ្ជាក់ពី «ការដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព» ផ្តួចផ្តើមឱ្យធ្វើការផ្លាស់ប្តូរនិងរៀនសូត្រ ពីគ្នាទៅវិញទៅមកលើវិស័យអរិយធម៌ ក្នុងន័យបំបែករបស់លោកខាងលិចដែលហៅថា «ពាក្យសំដីស្តីពីការប៉ះទង្គិចខាងអរិយធម៌» និងបង្កើតទម្រង់ថ្មីរបស់អរិយធម៌មនុស្សជាតិ ប្រកបដោយភាពបរិយាប័ន្ន ដើម្បីជំរុញសន្តិភាពនិងវឌ្ឍនភាពរបស់សកលលោក។
នាពេលបច្ចុប្បន្ននេះ ប្រទេសចិនបាននិងកំពុងជំរុញ ការធ្វើឧស្សាហូបនីយកម្មបែបថ្មី ព័ត៌មានភាវូបនីយកម្ម នគរូបនីយកម្ម និងទំនើបកម្មកសិកម្មក្នុងពេលដំណាលគ្នា អរិយធ៌មសម្ភារៈ អរិយធ៌មនយោបាយ អរិយធ៌មស្មារតី អរិយធ៌មសង្គមនិងអរិយធ៌មអេកូឡូស៊ី ទទួលបានការអភិវឌ្ឍដោយស៊ីសង្វាក់គ្នា។ ផ្លូវសម្រាប់ធ្វើទំនើបកម្មតាមបែបផែនចិន អាចធ្វើឱ្យខ្លួនឯងទទួលបានការអភិវឌ្ឍ និងផ្តល់ផលប្រយោជន៍ដល់ពិភពលោក ដូច្នេះពិតជានឹងដើរកាន់តែឆ្ងាយ និងកាន់តែទូលំទូលាយជាក់ជាមិនខាន៕
វិទ្យុមិត្តភាពកម្ពុជាចិន