(ប៉េកាំង)៖ នៅថ្ងៃទី១៦ ខែតុលា សមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានបើកធ្វើនៅក្រុងប៉េកាំង លោក Xi Jinping បានតំណាងឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី១៩ ធ្វើរបាយការណ៍ការងារជូនអង្គសមាជ។

ឥស្សរជននៃប្រទេសជាច្រើននៅអឺរ៉ុបនិងអាមេរិកឡាទីន បានចាប់អារម្មណ៍ខ្ពស់ដល់របាយការណ៍ការងារ របស់សមាជបក្សកុម្មុយនីស្តចិនលើកទី២០ ហើយបាននាំគ្នាថ្លែងថា របាយការណ៍ការងារនេះ បានកំណត់ផ្លូវអភិវឌ្ឍន៍ថ្មីរបស់ប្រទេសចិន នៅពេលអនាគត ព្រមទាំងបានបំពេញបន្ថែមនូវគំនិតផ្តួចផ្តើមថ្មីនិងកម្លាំងចលករថ្មី ដល់សន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក ក៏ដូចជាវឌ្ឍនភាពនៃអរិយធម៌មនុស្សជាតិផងដែរ។

លោក Marcel Ciolacu ប្រធានបក្សប្រជាធិបតេយ្យសង្គម និងជាប្រធានសភាតំណាងរាស្ត្រនៃប្រទេសរូម៉ានី បានថ្លែងថា ជឿជាក់ថា គោលដៅអភិវឌ្ឍន៍របស់ចិននៅពេលអនាគត ដែលសមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានកំណត់នឹងជំរុញយ៉ាងប្រាកដប្រជា នូវសុខុមាលភាពរបស់ប្រជាជនចិន ក៏ដូចជាជំរុញការរក្សាសន្តិភាព និងស្ថិរភាពរបស់ពិភពលោកផងដែរ។

លោក Elias Jabbour បញ្ញវន្តលទ្ធិម៉ាក្សនិយមដ៏ល្បីឈ្មោះរបស់ប្រទេសប្រេស៊ីល និងជាសាស្ត្រាចារ្យរងផ្នែកសេដ្ឋកិច្ចរបស់ សកលវិទ្យាល័យរដ្ឋ Rio de Janeiro ប្រទេសប្រេស៊ីល បានថ្លែងថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ប្រទេសចិនបានអនុវត្តទស្សនៈ កាន់អំណាចស្តីពីការតម្កល់ទុកផលប្រយោជន៍ របស់ប្រជាជនជាអាទិភាព បានជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ដែលបានផ្តល់ជម្រើសកាន់តែច្រើន និងលទ្ធភាពកាន់តែច្រើនដល់ ការអភិវឌ្ឍរបស់មនុស្សជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន