(ប៉េកាំង)៖ សមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានបើកធ្វើនៅព្រឹកថ្ងៃទី១៦ ខែតុលា នៅវិមានសភាប្រជាជនក្រុងប៉េកាំង។ លោក Xi Jinping បានតាងនាមឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី១៩ ធ្វើរបាយការណ៍ការងារជូនអង្គសមាជ ដោយលើកឡើងថា ជានិច្ចកាល ប្រទេសចិនប្រកាន់ខ្ជាប់កម្មវត្ថុគោលនយោបាយការទូត ដែលគាំពារសន្តិភាពពិភពលោក និងជំរុញការអភិវឌ្ឍរួម ខិតខំប្រឹងប្រែងកសាងសហគមន៍រួមវាសានាតែមួយរបស់មនុស្សជាតិ ព្រមនឹងអំពាវនាវប្រទេសនានាលើ ពិភពលោកផ្សព្វផ្សាយតម្លៃរួមរបស់មនុស្សជាតិទាំងមូល ប្រកបដោយសន្តិភាព ការអភិវឌ្ឍន៍ យុត្តិធម៌ សច្ចភាព ប្រជាធិបតេយ្យនិងសេរីភាព។
លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្ន បម្រែបម្រួលនិម្មាបនកម្មសតវត្សរ៍ កំពុងលាតត្រដាងតាមរបៀប ដែលមិនធ្លាប់មានពីមុនមក។ មួយផ្នែកគឺ ចរន្តប្រវត្តិសាស្ត្រប្រកបដោយសន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះមិនអាចរារាំងទេ មួយផ្នែកទៀត ទង្វើអនុត្តរភាពប្រកបដោយគ្រោះថ្នាក់ជាទីបំផុត។
លោក Xi Jinping បានរំលឹកឡើងវិញថា ប្រទេសចិនប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ នូវគោលនយោបាយការទូត ប្រកបដោយឯករាជ្យ និងម្ចាស់ការ តែងតែសម្រេចចិត្តគោលជំហរ និងគោលនយោបាយរបស់ខ្លួន តាមភាពត្រូវនិងខុសរបស់ខ្លួន គាំពារក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ គាំពារយុត្តធម៌និងសច្ចភាពអន្តរជាតិ ប្រឆាំងយ៉ាងដាច់ខាតនូវអនុត្តរភាពនិយម និងនយោបាយអំណាចខ្លាំងទោះតាមទម្រង់ណាក្តី ប្រឆាំងគំនិតសង្គ្រាមត្រជាក់ ប្រឆាំងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃ ប្រឆាំងនឹងស្តង់ដារពីរ។ ប្រទេសចិនមិនស្វែងរកអនុត្តរភាព និងមិនធ្វើការវាតទីជារៀងរហូត។
លោកបន្តទៀតថា ប្រទេសចិនប្រកាន់ខ្ជាប់ការកសាងទំនាក់ទំនងអន្តរជាតិបែបថ្មី ដោយឈរលើមូលដ្ឋានគោលការណ៍៥ នៃការរួមរស់ដោយសន្តិភាព និងត្រួសត្រាយទំនាក់ទំនងភាពជាដៃគូសកល។ លោក Xi Jinping បានលើកឡើងថាប្រទេសចិន ប្រកាន់ខ្ជាប់គោលនយោបាយជាតិនៃការបើកទូលាយ អនុវត្តយ៉ាងមុតមាំនូវយុទ្ធសាស្ត្របើកទូលាយ ប្រកបដោយមានផលប្រយោជន៍ទៅវិញ ទៅមកនិងឈ្នះ-ឈ្នះ ជំរុញឱ្យពាណិជ្ជកម្មនិងការវិនិយោគ កាន់តែមានសេរីភាព និងភាពងាយស្រួល ប្រឆាំងការពារនិយម ប្រឆាំងការដាក់ទណ្ឌកម្មដោយឯកតោភាគី។
ប្រទេសចិនរីករាយបង្កើនការវិនិយោគធនធាន ក្នុងការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការសកល ខិតខំប្រឹងប្រែងកាត់បន្ថយគម្លាតរវាង ប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសអភិវឌ្ឍន៍ គាំទ្រនិងជួយយ៉ាងម៉ឺងម៉ាត់ប្រទេស កំពុងអភិវឌ្ឍន៍ពង្លឿនការអភិវឌ្ឍន៍។
លោក Xi Jinping បានថ្លែងក្នុងរបាយការណ៍ថា ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើម ការអភិវឌ្ឍសកលនិងគំនិតផ្តួចផ្តើម សន្តិសុខសកល រីករាយអនុវត្តរួមជាមួយសហគមន៍អន្តរជាតិ។ ប្រទេសចិនអំពាវនាវដោយស្មោះត្រង់ ឱ្យប្រទេសនានាលើពិភពលោក ផ្សព្វផ្សាយគុណតម្លៃរួមរបស់មនុស្សជាតិប្រកបដោយសន្តិភាព ការអភិវឌ្ឍន៍ យុត្តិធម៌ សច្ចភាព ប្រជាធិបតេយ្យនិងសេរីភាព គោរពភាពចម្រុះនៃវប្បធម៌ពិភពលោក ដើម្បីរួមគ្នាឆ្លើយតបបញ្ហាសកលគ្រប់បែបយ៉ាង៕
វិទ្យុមិត្តភាពកម្ពុជាចិន