(កៀវ)៖ យន្ដហោះចម្បាំងមួយគ្រឿងបានធ្លាក់ចំអគារអាផាតធឺមិនមួយ ស្ថិតនៅក្នុងទីក្រុងយ៉ីស្កិ៍ (Yeysk) ភាគខាងត្បូងនៃប្រទេសរុស្ស៉ី នៅក្បែរព្រំដែន ជាមួយអ៊ុយក្រែន ដោយសម្លាប់មនុស្សយ៉ាងហោច ៦នាក់ និងបង្កជាអគ្គិភ័យឆាបឆេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២។
បើតាមអាជ្ញាធររុស្ស៉ីនៅក្នុងតំបន់ យន្ដហោះចម្បាំងដែលធ្លាក់ខាងលើជាប្រភេទ Su-34 ហើយមនុស្ស១៩នាក់ ក្នុងនោះរួមមានកុមារ ២នាក់បានរងរបួស ខណៈ៦នាក់នៅបន្តបាត់ខ្លួននៅឡើយ។ ចំណែកឯ ពីឡុតបើកយន្ដហោះចម្បាំងនេះបានលោតចេញពីយន្ដហោះជាមួយឆត្រយោងដោយសុវត្ថិភាព នៅមុន ពេលយន្ដហោះធ្លាក់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។
គួរបញ្ជាក់ថា យន្ដហោះចម្បាំង Su-34 ខាងលើត្រូវបានអាជ្ញាធរុស្ស៉ីបញ្ជាក់ថាបានចូលរួមក្នុងការបណ្ដុះបណ្ដាលហោះហើរមួយចេញពីមូលដ្ឋានទ័ពអាកាស នៃយោធាភូមិភាគខាងត្បូង រីឯមូលហេតុធ្លាក់គឺបណ្ដាលមកពីភ្លើងឆេះម៉ាស៊ីនមួយរបស់យន្ដហោះកំឡុងពេលហោះឡើង៕