(វ៉ាស៊ីនតោន)៖ បន្ទាប់ពីអ៊ុយក្រែនទទួលបានជ័យជម្នះជាបន្តបន្ទាប់ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យយោធារបស់លោកកែនកងទ័ពបន្ថែម កាត់យកទឹកអ៊ុយក្រែនដោយខុសច្បាប់ បង្កើនការសម្លុតគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងចុងក្រោយបំផុត បានបាញ់មីស៊ីលស្រោចលើរដ្ឋធានីកៀវ និងទីក្រុងជាច្រើន ទូទាំងប្រទេសអ៊ុយក្រែនកាលពីសប្ដាហ៍មុន។
សកម្មភាពទាំងនេះ វាជាការបញ្ចេញកំហឹងរបស់វិមានក្រឹមឡាំងចំពោះបរាជ័យនាពេលកន្លងមក ហើយកំហឹងរបៀបនេះធ្វើឱ្យគេនឹកឃើញដល់វិធីសាស្ត្ររបស់រដ្ឋបាល អតីតប្រធានាធិបតីអាមេរិក លោក រីឆាដ និកសុន (Richard Nixon) បានអនុវត្តនៅក្នុងសង្រ្គាមវៀតណាម កាលពីជាងកន្លះស.វមុន។ នៅពេលនោះ ការសម្លុតគំរាមប្រើ អាវុធនុយក្លេអ៊ែរ និងការទម្លាក់គ្រាប់បែក មិនបានដំណើរការនោះទេ តែបែរជាបង្ខំឱ្យទីក្រុងវ៉ាស៊ីនតោនទទួលស្គាល់ការពិត និងដកកងទ័ពចេញពីវៀតណាមទៅវិញ ហើយ រឿងដូចគ្នានេះក៏កំពុងកើតឡើងនៅក្នុងសង្រ្គាមអ៊ុយក្រែនដែរ ដោយទីក្រុងកៀវនៅតែបន្តវាយដណ្ដើមយកទឹកដីបានមកវិញជាបន្តបន្ទាប់។
ជ័យជម្នះរបស់អ៊ុយក្រែន ក្នុងមួយរយៈពេលចុងក្រោយនេះ បានជំរុញឱ្យមានការសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែរពីលោក ពូទីន ដែលមានបង្កប់ដោយកំហឹង និងថាតើគួរតែ រកច្រកចេញបញ្ចប់សង្រ្គាមដោយរបៀបណា ដើម្បីកុំឱ្យរុស្ស៉ីបាក់មុខ ប្រសិនបើកងទ័ពអ៊ុយក្រែននៅតែអាចរក្សាភាពរីកចម្រើនរបស់ខ្លួន? នៅឆ្នាំ១៩៦៥ រដ្ឋបាល អតីតប្រធានាធិបតីអាមេរិក លោក លីនដុន ចនសុន (Lyndon Johnson) បានបង្កើនការចូលរួមរបស់សហរដ្ឋអាមេរិកយ៉ាងខ្លាំងក្នុងសង្រ្គាមវៀតណាម ដើម្បីជួយ វៀតណាមខាងត្បូងជាសម្ព័ន្ធមិត្តរបស់ខ្លួនកុំឱ្យដួលរលំ អមជាមួយការបង្កើនការទម្លាក់គ្រាប់បែក សំដៅបញ្ចុះបញ្ចូលឱ្យវៀតណាមខាងជើងបោះបង់ចោលគំនិតបង្រួបង្រួម វៀតណាម។ ក៏ប៉ុន្តែ វៀតណាមខាងជើងមិនបានចុះញ៉មឡើយ ហើយកាន់តែតស៊ូ និងមានសមត្ថភាពខ្លាំងលើសដើមទៅទៀត។
នៅឆ្នាំ១៩៦៨ លោក លីនដុន ចនសុន មិនមានបំណងដកកងទ័ពទេ តែទន្ទឹមគ្នាលោកក៏បានដឹងច្បាស់ដែរថាសហរដ្ឋអាមេរិកគ្មានភាពក្លាហានក្នុងការបង្កើនការធ្វើសង្រ្គាម ឡើយ ជាហេតុជំរុញឱ្យលោក ចុនសន ប្រកាសមិនចូលរួមឈរឈ្មោះក្នុងការបោះឆ្នោតសាជាថ្មី និងដាក់កំហិតការដាក់ពង្រាយកងទ័ព ក៏ដូចជារឹតត្បិតការទម្លាក់គ្រាប់បែក លើវៀតណាមខាងជើង ដែលនេះបានបង្កើតបញ្ហាស្មុគស្មាញដល់អ្នកបន្តវេនពីរូបលោក នោះគឺលោក រីឆាដ និកសុន (Richard Nixon)។ លោក និកសុន បានឡើងកាន់ តំណែងជាប្រធានាធិបតីអាមេរិក នៅខែមករា ឆ្នាំ១៩៦៩ ចំពេលប្រជាជនអាមេរិកចាប់ផ្ដើមហត់នឿយនឹងសង្រ្គាមនៅវៀតណាម។ ដូច្នេះហើយទើបលោក និកសុន និង ទីប្រឹក្សាសន្តិសុខជាតិរបស់លោក គឺលោក ហេនរី ឃីសស៊ីងហ្គឺ (Henry Kissinger) ព្យាយាមនាំវៀតណាមខាងជើងត្រឡប់មកតុចរចាវិញ ដោយប្រើធម៌ក្ដៅផង និងធម៌ត្រជាក់ផង។ នៅនិទាឃរដូវ ឆ្នាំ១៩៦៩ដដែល រដ្ឋបាលលោក និកសុន បានចេញបញ្ជាឱ្យយោធាអាមេរិកទម្លាក់គ្រាប់បែកលើទីតាំងលាក់ខ្លួនរបស់ពួកកុម្មុយនិស្ដ នៅក្នុងប្រទេសឡាវ និងកម្ពុជា ហើយក៏បានសម្លុតគំរាមបង្កើនការទម្លាក់គ្រាប់បែកផងដែរ។
តែទោះជាបែបនេះក្ដី យុទ្ធសាស្ត្ររបស់លោក និកសុន មិនបានទទួលជោគជ័យទេ រីឯពួកកុម្មុយនិស្ដបានហៅការសម្លុតគំរាមរបស់លោកគ្រាន់តែជា «ការកម្លា» មួយ ប៉ុណ្ណោះ។ ដោយយល់ថាការសម្លុតគំរាមមិនបានផល និងមានតែធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ឡើង លោក និកសុន បានសម្រេចចិត្តផ្លាស់ប្ដូរយុទ្ធសាស្ត្រ ហើយ នៅខែវិច្ឆិកា ឆ្នាំ១៩៦៩ លោកបានកាត់បន្ថយអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកបន្តិចម្ដងៗ បើទោះជានៅតែបន្តការគាំទ្រដល់របបដឹកនាំទីក្រុងសៃហ្គនក៏ដោយ។ ៣ឆ្នាំនៃសង្រ្គាមក្រោយមកទៀត កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើង ដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកដកខ្លួនចេញពីសង្រ្គាម រំដោះឈ្លើយសឹកសង្រ្គាម និងធ្វើឱ្យគេគ្រប់គ្នា យល់ថាអាមេរិកមិនបានក្បត់សម្ព័ន្ធមិត្តវៀតណាមខាងត្បូងរបស់ខ្លួនទេ។ ប៉ុន្តែ កិច្ចព្រមព្រៀងនេះឯង បានត្រួសត្រាយផ្លូវឱ្យវៀតណាមខាងត្បូងដួលរលំនៅ២ឆ្នាំ ក្រោយ មកទៀត។
នៅក្នុងសង្រ្គាមវៀតណាម មានមេរៀនចំនួន៣ ដែលគេអាចទាញយកមកធ្វើជាសម្មតិកម្មសម្រាប់សង្រ្គាមនៅអ៊ុយក្រែន។ ទីមួយ៖ ជោគជ័យនៅលើសមរភូមិសង្រ្គាម ជាក់ស្ដែង។ សហរដ្ឋអាមេរិក ជាទូទៅតែងតែព្យាយាមស្វែងរកជ័យជម្នះនៅក្នុងសង្រ្គាម តាមរយៈការមិនលូកដៃចូលក្នុងសង្រ្គាមដោយផ្ទាល់ ដូចជាការទម្លាក់គ្រាប់បែក ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬក៏គំរាមចាត់វិធានការដ៏មហន្តរាយ។ ក៏ប៉ុន្តែចុងបញ្ចប់ លទ្ធផលសង្រ្គាមនៅតែត្រូវបានកំណត់ដោយសមរភូមិជាក់ស្ដែង។ ជំនាញ និងប្ដេជ្ញាចិត្តរបស់ កងទ័ពកុម្មុយនិស្ដវៀតណាម អាចឱ្យពួកគេតស៊ូប្រយុទ្ធជាមួយសត្រូវដ៏ខ្លាំង ហើយរហូតដល់ទទួលបានជ័យជម្នះ។ រឿងដូចគ្នានេះក៏កំពុងកើតឡើងនៅអ៊ុយក្រែនដែរ ខណៈ ជំនាញ និងការប្ដេជ្ញាចិត្តគួបផ្សំជាមួយជំនួយអាវុធពីលោកខាងលិចបានផ្ដល់ឱ្យអ៊ុយក្រែននូវថាមពលវាយបណ្ដេញទាហានរុស្ស៉ីចេញពីភូមិមួយ ទៅភូមិ ហើយបើអ៊ុយក្រែន នៅតែអាចបន្តរក្សាភាពរីកចម្រើនរបស់ខ្លួន សង្រ្គាមសព្វថ្ងៃទំនងជានឹងបញ្ចប់ក្នុងពេលវេលាសក្តិសមណាមួយ។
ទី២៖ នោះគឺការតស៊ូប្រឆាំងនឹងការសម្លុតគំរាម។ អ្វីដែលគេកំពុងមើលឃើញ គឺកំហឹងរបស់ទីក្រុងមូស្គូ ដូចគ្នាទៅនឹងកំហឹងរបស់សហរដ្ឋអាមេរិកកាលពីជាងកន្លះស.វមុន។ ការដំឡើងសំឡេងគំរាមបង្កើនការធ្វើសង្រ្គាម វាជាសញ្ញាបង្ហាញពីភាពទន់ខ្សោយ មិនមែនបង្ហាញពីភាពខ្លាំងក្លានោះទេ ដ្បិតបើរុស្ស៉ីមានជម្រើសល្អ ក្នុងការស្ដារស្ថានការណ៍ សង្រ្គាមរបស់ខ្លួន ម្ល៉េះរុស្ស៉ីប្រើជម្រើសទាំងនោះទៅហើយដោយមិនបាច់គំរាមគេឯងឡើយ។ ចំណែកឯ ទី៣៖ នោះគឺពង្រឹងគោលជំហរ និងដំណោះស្រាយការទូត។ នៅក្នុង ដំណាក់កាលចុងក្រោយនៃសង្រ្គាមវៀតណាម ភាគីពាក់ព័ន្ធទាំងអស់សុទ្ធតែបង្កើនការប្រយុទ្ធបណ្ដើរ និងចរចាបណ្ដើរ។ ដំណាក់កាលបែបនេះអាចនឹងកើតឡើងនៅ អ៊ុយក្រែន ក្នុងបរិបទដែលភាគីពាក់ព័ន្ធកំពុងបង្កើនការធ្វើសង្រ្គាម ជាមធ្យោបាយមួយដើម្បីស្វែងរកកិច្ចចរចា។ ការបាញ់ស្រោចមីស៊ីលលើរដ្ឋធានីកៀវ កាលពីពេលថ្មីៗនេះ គឺស្រដៀងគ្នាទៅនឹងការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក លើទីក្រុងហាណូយ និងទីក្រុងហៃហ្វុង កាលពីខែធ្នូ ឆ្នាំ១៩៧២ ដែលត្រូវបានចាត់ទុកថាជាការវាយប្រហារ ដ៏បំផ្លិចបំផ្លាញបំផុតនៅសង្រ្គាមវៀតណាម។ នៅពេលនោះ មនុស្សជំនិតម្នាក់របស់លោក ឃីសស៊ីងហ្គឺ គឺលោក ចន នេក្រូប៉ុងតេ (John Negroponte) បានឡើងដូច្នេះថា «យើងទម្លាក់គ្រាប់បែក ដើម្បីឱ្យវៀតណាមខាងជើងទទួលយកសម្បទានរបស់ពួកយើង»។
ជាការពិតណាស់ គេមិនអាចបដិសេធទាំងស្រុងឡើយ ជុំវិញលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងសង្រ្គាមអ៊ុយក្រែន។ តែក្នុងស្ថានភាពបច្ចុប្បន្ន ការជ្រើសរើស ប្រើអាវុធនុយក្លេអ៊ែរ ទោះជាលក្ខណៈទ្រង់ទ្រាយតូច ឬធំ ក៏វាមិនប្រាកដថានឹងធ្វើឱ្យអ៊ុយក្រែនចុះចាញ់ ឬអាចស្ដារស្ថានការណ៍សង្រ្គាមរបស់រុស្ស៉ី ឬក៏ធ្វើឱ្យរុស្ស៉ីឈ្នះនៅ សង្រ្គាមបាននោះដែរ។ ផ្ទុយទៅវិញ រុស្ស៉ីអាចនឹងរងការសងសឹកពីលោកខាងលិច ដែលអាចនឹងបង្កើនការគាំទ្រដល់អ៊ុយក្រែនរឹតតែខ្លាំង ព្រមទាំងបាត់បង់ការគាំទ្រ ពីសហគមន៍អន្តរជាតិទាំងមូល។ ដូច្នេះហើយទើបចាប់តាំងពីឆ្នាំ១៩៤៥មក អាវុធនុយក្លេអ៊ែរត្រូវបានពួកមហាអំណាចប្រើជាការកំញើញ។ ម្យ៉ាងវិញទៀត អ្វីដែលរុស្ស៉ី និងអាមេរិកដឹងច្បាស់ គឺបើសង្រ្គាមនុយក្លេអ៊ែរផ្ទុះឡើង គ្មាននរណាម្នាក់ឈ្នះឡើយ។ ជាធម្មតា នៅពេលដែលសង្រ្គាមរបស់ពួកអាណានិគមធា្លក់ចូលក្នុងស្ថានភាពអាក្រក់ ឬជិតបរាជ័យ មហាអំណាចចក្រពត្តិ តែងតែព្យាយាមកាត់បន្ថយការខាតបង់របស់ពួកគេ ហើយវិចបង្វិចត្រឡប់ទៅផ្ទះវិញ៕