(សិង្ហបុរី)៖ ក្រសួងការបរទេសសិង្ហបុរី (MFA) បាននិយាយកាលពីថ្ងៃចន្ទថា សិង្ហបុរី និងវៀតណាមបានព្រមព្រៀងគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យដូចជា ឌីជីថលនីយកម្ម និងសន្តិសុខតាមអ៊ីនធឺណិត សេដ្ឋកិច្ចបៃតង និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២។
ក្រសួងបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob និងប្រធានាធិបតីវៀតណាម លោក Nguyen Xuan Phuc បានអះអាងនូវ «ទំនាក់ទំនងមិត្តភាពយូរអង្វែង និងទំនាក់ទំនងដ៏ល្អប្រសើរ» រវាងសិង្ហបុរី និងវៀតណាម។
គួរបញ្ជាក់ថា លោកស្រី Halimah កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២០ ខែតុលា។
ក្រសួងការបរទេសបាននិយាយថា ក្នុងអំឡុងកិច្ចពិភាក្សា ប្រមុខរដ្ឋទាំងពីរបានអះអាងសារជាថ្មីអំពី «កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដ៏ទូលំទូលាយ និងរឹងមាំ» រវាងប្រទេសទាំងពីរ។ ពួកគេក៏បានយល់ព្រមក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មី និងដែលកំពុងរីកចម្រើនដូចជា ឌីជីថលនីយកម្ម និងសន្តិសុខតាមអ៊ីនធឺណិត សេដ្ឋកិច្ចបៃតង រួមទាំងថាមពលកកើតឡើងវិញ និងឥណទានកាបូន ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព ក៏ដូចជាការបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ៕