(ម៉ានីល)៖ យោធាហ្វីលីពីនបានឲ្យដឹងនៅថ្ងៃចន្ទ ទី១៧ ខែតុលានេះថា រថយន្តយោធាមួយគ្រឿងបានបុករថយន្តលាយស៊ីម៉ង់ត៍ ដែលចតនៅក្នុងខេត្ត Masbate ភាគកណ្តាលនៃប្រទេសហ្វីលីពីន កាលពីយប់ថ្ងៃអាទិត្យ ដោយបានផ្តាច់ជីវិតទាហាន០៨នាក់ និង០៦នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
ឧត្តមសេនីយ Alex Luna នៃកងពលធំថ្មើរជើងទី៩ របស់កងទ័ពបាននិយាយថា កងទ័ពកំពុងធ្វើដំណើរពីភាគខាងត្បូងពីទីក្រុង Masbate ទៅកាន់ទីស្នាក់ការរបស់ពួកគេក្នុងទីក្រុង Milagros នៅពេលដែលបានជួបគ្រោះថ្នាក់កាលពីយប់ថ្ងៃអាទិត្យ។
លោកបានបន្ថែមថា ក្នុងចំណោមអ្នកស្លាប់មាន០៦នាក់ស្លាប់នៅនឹងកន្លែងនិង០២នាក់ស្លាប់នៅមន្ទីរពេទ្យក្នុងស្រុក។
យោងតាមលោក Luna អ្នកបើកបរបានបាត់បង់ការគ្រប់គ្រងរថយន្តបន្ទាប់ពីខូចមុខងារ ហើយក្រោយមករថយន្តបានទៅបុករថយន្តលាយបេតុងដែលចតនៅលើផ្លូវ៕