(តេហេរ៉ង់)៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍កាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះកាលពីថ្ងៃសៅរ៍ នៅឯពន្ធនាគារ Evin ក្នុងទីក្រុងតេអេរ៉ង់បានកើនឡើងដល់ ០៨នាក់ ខណៈដែលអ្នកទោស០៤នាក់ផ្សេងទៀត បានស្លាប់នៅមន្ទីរពេទ្យដោយសារតែរបួសធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២។
មជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយតុលាការរបស់អ៊ីរ៉ង់បានរាយការណ៍ថា អ្នកស្លាប់ទាំងអស់កំពុង ជាអ្នកទោសដែលត្រូវបានឃុំខ្លួនពីបទចោរកម្ម ខណៈដែលមនុស្ស ០៦នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA មុននេះ បានរាយការណ៍ថា អ្នកទោស ០៤នាក់បានស្លាប់ ដោយសារស្រូបផ្សែងច្រើនពេក ហើយអ្នកទោសចំនួន ៦១នាក់កំពុងទទួលការព្យាបាល ក្នុងនោះ១០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ រួមទាំង០៤នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅពេលនោះ។
គួរបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងចំពេលដែលប្រទេសអ៊ីរ៉ង់ កំពុងប្រឈមនឹងបាតុកម្មតវ៉ាខ្លាំងក្លានៅទូទាំងប្រទេសមិនធ្លាប់មាន បន្ទាប់ពីស្ត្រីឈ្មោះ ម៉ាស់សា អាមីនី មានអាយុ២២ឆ្នាំ បានស្លាប់ នៅក្នុងមន្ទីរឃុំឃាំង ៣ថ្ងៃបន្ទាប់ពីត្រូវបានប៉ូលិសសីលធម៌អ៉ីរ៉ង់ចាប់ឃុំខ្លួន ដោយចោទថាស្លៀកពាក់មិនសមរម្យ។ ដូច្នេះចង់ ឬមិនចង់វានឹងដុតកម្តៅបន្ថែមទៀតសម្រាប់ក្រុមបាតុករ ខណៈដែលមនុស្សរាប់សិបនាក់ ក្នុងនោះមានទាំងប៉ូលិសបានស្លាប់ និងរាប់រយនាក់ត្រូវបានចាប់ខ្លួន៕