នាយករដ្ឋមន្រ្តីជប៉ុន បញ្ជាឱ្យបើកការស៉ើបអង្កេតលើ ក្រុមសាសនា Unification Church ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយ ក្រុមសមាជិកសភាបក្សកាន់អំណាច (Video inside)
17-10-2022 17:03
(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Funio Kishida) នៅថ្ងៃចន្ទនេះ បានចេញបញ្ជាឱ្យបើកការស៉ើបអង្កេតទៅលើ ក្រុមសាសនា Unification Church បន្ទាប់ពីករណីឃាតកម្មលើអតីតនាយករដ្ឋមន្រ្តីជប៉ុន លោក ស៉ីនហ្សូ អាបេ កាលពីខែកក្កដា បានលាតត្រដាងអំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងក្រុមសាសនានេះ ជាមួយនិងសមាជិកសភាជាច្រើន នៃគណបក្សកាន់អំណាច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២។
ប្រជាប្រិយភាពរបស់រដ្ឋាភិបាលលោក គីស៉ីដា បានធ្លាក់ចុះដល់កម្រិតទាបបំផុត គិតចាប់តាំងពីលោកបានឡើងកាន់អំណាចមក ដោយសារតែការខឹងសម្បារ កាន់តែខ្លាំងឡើងរបស់ប្រជាជនជប៉ុន ចំពោះការដែលសមាជិកសភា នៃបក្សកាន់អំណាចរបស់លោក គឺគណបក្សប្រជាធិបតេយ្យសេរី LDP មិនបានប្រកាសឱ្យដឹងជាសាធារណៈ អំពីទំនាក់ទំនងរបស់ពួកគេ ជាមួយនិងក្រុមសាសនា Unification Church។
កាលពីខែកក្កដា ឆ្នាំនេះ លោក ស៉ីនហ្សូ អាបេ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ កំលុងព្រឹត្តិការណ៍ឃោសនាបោះឆ្នោតមួយ នៅទីក្រុងណារ៉ា (Nara) ខណៈឃាតកបានអះអាងថា ម្តាយរបស់ខ្លួនត្រូវក្រុមសាសនា Unification Church ពង្វក់ធ្វើឱ្យក្ស័យធន ហើយបានបន្ទោសលោក អាបេ សម្រាប់ការជួយផ្សព្វផ្សាយអំពីក្រុមសាសនានោះ។
លោក គីស៉ីដា បានបង្គាប់ឱ្យរដ្ឋមន្រ្តីវប្បធម៌ជប៉ុន រៀបចំបើកការស៉ើបអង្កេតលើ ក្រុមសាសនា Unification Church នៅក្រោមច្បាប់សាជីវកម្មសាសនា។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីជប៉ុន បានសុំទោសចំពោះការដែលសមាជិកបក្សជាច្រើន នៃបក្ស LDP មានទំនាក់ទំនងជាមួយ Unification Church ហើយលោកបានបន្តថា វាធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តសាធារណជន ចំពោះរដ្ឋាភិបាល។ លោក គីស៉ីដា បានសង្កត់ធ្ងន់ថា លោកកំពុងយកចិត្តទុកដាក់ជាខ្លាំង លើការចោទប្រកាន់ដែលថា ក្រុមសាសនា Unification Church បានធ្វើឱ្យអ្នកប្រតិបត្តិរបស់ខ្លួន ធ្លាក់ខ្លួនក្រីក្រ ហើយបង្កផលប៉ះពាល់អវិជ្ជមាន ដល់ក្រុមគ្រួសាររបស់ពួកគេ។
គួរបញ្ជាក់ថា ចាប់តាំងពីមានការធ្វើឃាតលោក អាបេ ក្រុមសមាជិកសភាជាងពាក់កណ្តាល នៃគណបក្សប្រជាធិបតេយ្យសេរី បានប្រកាសពីទំនាក់ទំនងផ្ទាល់ខ្លួនរបស់ពួកគេ ជាមួយនិង Unification Church ប៉ុន្តែគណបក្សផ្ទាល់បានអះអាងថា បក្សពុំមានទំនាក់ទំនងលក្ខណៈស្ថាប័នជាមួយនិង ក្រុមសាសនានេះឡើយ៕