(ប៉េកាំង)៖ «ទឹកដីគឺជាប្រជាជន ប្រជាជនគឺជាទឹកដី» «ចាំបាច់ត្រូវប្រកាន់ខ្ជាប់ការធានា និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ក្នុងដំណើរការអភិវឌ្ឍ លើកទឹកចិត្តឱ្យប្រជាជនរួមគ្នាធ្វើការតស៊ូព្យាយាម ដើម្បីបង្កើតជីវភាពរស់នៅដ៏ល្អបវរ និងសម្រេចបាននូវក្តីប្រាថ្នា របស់ប្រជាជនចំពោះជីវភាពរស់នៅដ៏ល្អបវរ»។ ថ្ងៃទី១៦ ខែតុលា សមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានសម្ពោធបើកនៅក្រុងប៉េកាំង លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានតំណាងឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ ធ្វើរបាយការណ៍ការងារជូនអង្គសមាជ។ ក្នុងនោះ ពាក្យ «ប្រជាជន» ជាពាក្យដែលបានប្រើប្រាស់ច្រើនបំផុត ក្នុងរបាយការណ៍នេះ។

បច្ចុប្បន្ននេះ នៅលើពិភពលោក មានគណបក្សតិចតួចណាស់ ដូចបក្សកុម្មុយនីស្តចិនអ៊ីចឹងដែរ ដែលបានចាត់ទុកការការពារផលប្រយោជន៍ ជាមូលដ្ឋានរបស់ប្រជាជនជាការស្វែងរកខ្ពស់បំផុត ព្រមទាំងបានធ្វើការតស៊ូព្យាយាមឥតស្រាកស្រាន្ត។

ជាពិសេសគឺបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក បក្សកុម្មុយនីស្តចិនបានដឹកនាំប្រជាជនចិន ឆ្លងកាត់ព្រឹតិ្តការណ៍ធំៗទាំងបី ពោលគឺ៖ អបអរទទួលខួបទី ១០០ នៃការបង្កើតបក្សកុម្មុយនីស្តចិន សង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន ឈានចូលយុគសម័យថ្មី និងសម្រេចបាននូវគោលដៅមួយសតវត្សរ៍ទីមួយ ដែលបានសម្រេចភារកិច្ចជាប្រវតិ្តសាស្ត្រ លើវិស័យលុបបំបាត់ភាពក្រីក្រ ក៏ដូចជាកសាងសង្គម ដែលប្រជាជនមានជីវភាពធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយ។ នេះជាជោគជ័យជាប្រវត្តិសាស្ត្ររបស់ បក្សកុម្មុយនីស្តចិននិងប្រជាជនចិន ដែលបានសាមគ្គីគ្នាធ្វើការតស៊ូ ដែលបាននាំមកនូវអារម្មណ៍ទទួលបាន សុភមង្គលនិងសន្តិសុខដែលពីមុនមិនធ្លាប់មានដល់ ប្រជាជនចិនចំនួនជាង១ពាន់៤រយលាននាក់។

ទាំងផលិតផលក្នុងស្រុកសរុប គិតជាមធ្យមក្នុងមនុស្សម្នាក់ៗឡើងដល់ ១២៥០០ដុល្លារអាមេរិក ក្រុមមនុស្សចំណូលមធ្យមមានចំនួនលើសពី ៤រយលាននាក់ ទាំងការប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាចម្បង និងតម្កល់ទុកអាយុជីវិតជាអាទិភាព ការងារគ្រប់គ្រងនិងទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមទទួលបានសមិទ្ធផលវិជ្ជមានដ៏ធំនិងសំខាន់ ទាំងការបង្កើតប្រព័ន្ធអប់រំ ប្រព័ន្ធបេឡាជាតិ និងប្រព័ន្ធសុខាភិបាលដែលមានទ្រង់ទ្រាយធំជាងគេ នៅលើពិភពលោក។ល។ បក្សកុម្មុយនីស្តចិនបានប្រកាន់ខ្ជាប់ គំនិតអភិវឌ្ឍន៍ដែលចាត់ទុកប្រជាជនជាស្នូល ហើយសម្រេចបាននូវពាក្យសន្យាយ៉ាងម៉ឺងម៉ាត់ស្តីពី «នាំឱ្យប្រជាជនមានជីវភាពរស់នៅកាន់តែល្អបវរ» ជាបន្តបន្ទាប់។

តាមគម្រោងផែនការ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣៥ ប្រទេសចិននឹងសម្រេចបានជាមួលដ្ឋាន នូវទំនើបភាវូបនីយកម្មសង្គមនិយម ចាប់ពីឆ្នាំ២០៣៥ ដល់ពាក់កណ្តាលសតវត្សរ៍នេះ នឹងកសាងប្រទេសចិនទៅជាប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លា ដែលប្រកបដោយភាពសម្បូរសប្បាយ ប្រជាធិបតេយ្យ អរិយធម៌ ចុះសម្រុងនិងស្រស់ប្រិមប្រិយ។ អាចប៉ាន់ប្រមាណថា ដល់កាលនោះ ប្រជាជនចិននឹងមានជីវភាពរស់នៅកាន់តែធូធារនិងកាន់តែល្អ គំនិតអភិវឌ្ឍន៍ដែលចាត់ទុកប្រជាជនជាស្នូល នឹងបញ្ចេញកម្លាំងជាក់ស្តែងកាន់តែខ្លាំងឡើងៗ។

«ធ្វើការអភិវឌ្ឍដើម្បីប្រជាជន ធ្វើការអភិវឌ្ឍដោយពឹងផ្អែកលើប្រជាជន ប្រជាជនរួមគ្នាចែករំលែកលទ្ធផលនៃការអភិវឌ្ឍន៍»។ បក្សកុម្មុយនីស្តចិននឹងបន្តសាមគ្គីនិងដឹកនាំប្រជាជនចិន មូរដៃអាវឡើង ខិតខំធ្វើការ ឆ្លងកាត់ព្យុះភ្លៀងឆ្ពោះទៅមុខ ដោយអង់អាចក្លាហាន ក្នុងន័យបង្កើតភាពអស្ចារ្យអភិវឌ្ឍន៍កាន់តែធំធេង និងអនាគតកាន់តែល្អបវរ ដើម្បីបំពេញបន្ថែមនូវកម្លាំងចលករកាន់តែច្រើន ដល់កិច្ចការជំរុញសន្តិភាពនិងវឌ្ឍនភាពរបស់ពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន