(បារីស)៖ បាតុកររាប់ម៉ឺននាក់ បានដើរដង្ហែក្បួនក្នុងទីក្រុងប៉ារីស ដោយបន្ថែមការប្រឆាំងនិងកំហឹងកាន់តែខ្លាំងឡើងអំពីបញ្ហាអតិផរណា ដោយបានឈានចូលដល់៣សប្តាហ៍ហើយនៃកូដកម្ម នៅរោងចក្រចម្រាញ់ប្រេងដែលបណ្តាលឲ្យមានការខ្វះខាតប្រេងឥន្ធនៈ នៅទូទាំងប្រទេសបារាំង។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២២។
បាតុកម្មប្រឆាំងនឹងការកើនឡើងតម្លៃក្នុងសង្គមកាលពីថ្ងៃអាទិត្យ ត្រូវបានអំពាវនាវដោយគណបក្សប្រឆាំងឆ្វេងនិយម France Unbowed ដឹកនាំដោយប្រធានគណបក្ស គឺ លោក ហ្សង់ លូច មេឡុងឆុង ( Jean-Luc Melenchon)។ វាជាការបង្ហាញកំហឹងប្រឆាំងនឹងផលរំខានដែលបង្កឡើងការឡើងថ្លៃចំណាយ និងបង្កើនសម្ពាធលើរដ្ឋាភិបាលរបស់លោកប្រធានាធិបតី អេមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)។
ក្រុមអ្នករៀបចំបាតុកម្មបានហៅសកម្មភាពនេះថាជា «ការដើរដង្ហែប្រឆាំងនឹងការកើនឡើងថ្លៃចំណាយ និងភាពអសកម្មចំពោះវិបត្តិអាកាសធាតុ»។ អ្នករៀបចំបាននិយាយថា មនុស្ស១៤០,០០០នាក់ បានចូលរួមការជួបជុំកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ខណៈមុននេះប៉ូលិសព្យាករថាមានមនុស្សប្រហែល៣០.០០០នាក់ ចូលរួមប៉ុណ្ណោះ។
គួរបញ្ជាក់ថា សហជីពបារាំងជាច្រើនប៉ុន្តែមិនទាំងអស់ទេ បានប្រកាសកំណត់យកទិវាជាតិនៃកូដកម្មនៅថ្ងៃអង្គារសប្តាហ៍នេះ ដែលរំពឹងថានឹងអាចប៉ះពាល់ដល់ការធ្វើចរាចណ៍តាមមធ្យោបាយសាធារណៈ និងការដឹកជញ្ជូននានា៕