(ម៉ានីល)៖ អាជ្ញាធរឧតុនិយមនៅក្នុងប្រទេសហ្វីលីពីន បានឱ្យដឹងថាព្យុះត្រូពិកមួយដែលបានបក់បោកលើតំបន់ភាគខាងជើងនៃប្រទេស កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះបានបំប្លែងខ្លួនទៅជាព្យុះទីហ្វុង ដោយនាំមកជាមួយភ្លៀងធ្លាក់ខ្លាំងជន់លិចភូមិ និងដីស្រែចម្ការជាច្រើន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២។
មនុស្សជិតមួយពាន់នាក់ ក៏ត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពផងដែរ។ បើតាមវីដេអូមួយដែលត្រូវបានចែករំលែកបន្តលើបណ្ដាញទំនាក់ទំនង សង្គម ទឹកជំនន់បានជន់លិចភូមិជាច្រើននៅក្នុងខេត្ត កាហ្កាយ៉ាន (Cagayan) រីឯដើមឈើជាដើមបានដួលរលំដោយសារកម្លាំងខ្យល់បក់នៃព្យុះទីហ្វុង នេសាទ (Nesat) ដែលបានបាក់បោកក្នុងល្បឿនខ្យល់ ១២០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចនឹងកើនឥទ្ធិពលខ្លាំងជាងនេះ ខណៈវាកំពុងធ្វើដំណើរឆ្ពោះទៅកាន់ សមុទ្រចិនខាងត្បូង។
គួរបញ្ជាក់ថា ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានប្រកាសថារដ្ឋាភិបាលរបស់លោកកំពុងបញ្ជូនជំនួយទៅកាន់តំបន់រងគ្រោះហើយ។ ហ្វីលីពីន តែងតែជួបប្រទះនឹងព្យុះជាញឹកញាប់ ដោយក្នុងមួយឆ្នាំៗ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍នេះរងការវាយប្រហារពីព្យុះតូច និងធំ យ៉ាងហោច២០៕