(ឌីលី)៖ ប្រធានាធិបតីនៃប្រទេសទីម័រខាងកើត លោក ហូសេ រ៉ាម៉ូស ហ័រតា (Jose Ramos-Horta) គ្រោងនឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែតុលានេះ។ លោក Ramos-Horta មានអាយុ ៧២ឆ្នាំ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទ័ម័រខាងកើត កាលពីខែឧសភាកន្លងទៅ បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីខែមេសា។
ខាងក្រោមនេះគឺជាប្រវត្តិរូបសង្ខេបរបស់លោក Ramos-Horta៖
លោក ហូសេ រ៉ាម៉ូស ហ័រតា (Jose Ramos-Horta) កើតនៅឆ្នាំ១៩៤៩ ក្នុងរដ្ឋធានីឌីលី (Dili) នៃប្រទេសទ័ម័រខាងកើត ដោយមានម្ដាយជាជនជាតិទីម័រ និងឪពុកជាជនជាតិព័រទុយហ្កាល់។ នៅដើមទសវត្សរ៍ឆ្នាំ១៩៧០ លោក Ramos-Horta បានចាប់ផ្ដើមដឹកនាំចលនាតស៊ូទាមទារឯករាជ្យពីព័រទុយហ្កាល់ ហើយ នៅពេលនោះលោកត្រូវបានគេបង្ខំឱ្យនិរទេសខ្លួន ទៅកាន់ប្រទេសម៉ូសំប៊ិកពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧១ ដោយសារតែការដឹកនាំសកម្មភាពប្រឆាំងនឹង អាណានិគមព័រទុយហ្កាល់។ លោកបានត្រឡប់មកកាន់ប្រទេសទីម័រខាងកើតវិញ ហើយអាណានិគមព័រទុយហ្កាល់បានបិទបញ្ចប់នៅឆ្នាំ១៩៧៥ ដោយបន្សល់ ទុកជម្លោះផ្ទៃក្នុងរវាងគូប្រជែងជាច្រើនបក្ស ដែលមានមួយផ្នែកធំគាំទ្រដោយឥណ្ឌូណេស៊ី។ ឥណ្ឌូណេស៊ី បានគ្រប់គ្រងប្រទេសទីម័រខាងកើត ហើយរហូតដល់ ឆ្នាំ២០០២ ទើបប្រទេសទីម័រខាងកើតប្រកាសឯករាជ្យទាំងស្រុង។
លោក Ramos-Horta ទទួលបានជ័យលាភីពានរង្វាន់ណូប៊ែលសន្តិភាពនៅឆ្នាំ១៩៩៦។ លោក Ramos-Horta ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីការបរទេសទីម័រ ខាងកើតពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៦។ កាន់តំណែងជានាយករដ្ឋមន្ត្រីពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧ និងប្រធានាធិបតីពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២ ហើយ ជាប់ឆ្នោតជាប្រធានាធិបតីទីម័រខាងកើតម្ដងទៀតក្នុងឆ្នាំ២០២២នេះ៕