(ម៉ិកស៉ីកូស៉ីធី)៖ ក្រុមខ្មាន់កាំភ្លើងដែលមិនស្គាល់អត្តសញ្ញាណ បានបើកការវាយប្រហារនៅក្នុង បារកម្សាន្តមួយកន្លែង ស្ថិតក្នុងទីក្រុងអ៉ីរ៉ាពូតូ (Irapuato) ភាគកណ្តាលប្រទេសម៉ិកស៉ិក កាលពីយប់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ហើយបានបណ្តាលឱ្យបុរស៦នាក់ និងស្រ្តី៦នាក់ បាត់បង់ជីវិត ខណៈវាគឺជាករណីបាញ់ប្រហារទ្រង់ទ្រាយធំលើកទី២ នៅរដ្ឋក្វាណាជូតូ (Guanajuato) ក្នុងរយៈពេលមិនដល់១ខែឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០២២។
រដ្ឋបាលទីក្រុងអ៉ីរ៉ាពូតូ បានឱ្យដឹងបន្ថែមថា ក្រៅពីមនុស្សស្លាប់ ក៏មាន៣នាក់ផ្សេងទៀត រងរបួសផងដែរ ខណៈកងកម្លាំងសន្តិសុខ កំពុងព្យាយាមតាមស្វែងរក និងចាប់ខ្លួនក្រុមជនបង្ក។ ចំណែកចេតនានៅពីក្រោយសកម្មភាពបាញ់ប្រហារ គឺមិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋក្វាណាជូតូ ដែលជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំមួយ សម្រាប់ក្រុមហ៊ុនរថយន្តល្បីៗរបស់ពិភពលោក បានក្លាយជាទីលានប្រយុទ្ធគ្នាដ៏សាហាវ រវាងពួកឧក្រិដ្ឋជនគ្រឿងញៀន។ កាលពីថ្ងៃទី២១ ខែកញ្ញា កន្លងទៅ ក្រុមខ្មាន់កាំភ្លើង បានបាញ់សម្លាប់មនុស្ស១០នាក់ ក្នុងការវាយប្រហារនៅបារកម្សាន្តមួយកន្លែង ក្នុងទីក្រុងតារីម៉ូរ៉ូ (Tarimoro) នៃរដ្ឋក្វាណាជូតូ ពោលគឺនៅចម្ងាយប្រហែលជិត១០០គីឡូម៉ែត្រ ពីភាគអាគ្នេយ៍នៃទីក្រុងអ៉ីរ៉ាពូតូ។
គួរបញ្ជាក់ថា ប្រធានាធិបតីម៉ិកស៉ិក លោក អាន់ដ្រេស ម៉ានុយអែល ឡូប៉េស អូប្រាឌ័រ (Andres Manuel Lopez Obrador) ដែលបានឡើងកាន់អំណាចកាលពីឆ្នាំ២០១៨ ធ្លាប់បានប្តេជ្ញាកាត់បន្ថយអំពើហិង្សាដោយក្រុមឧក្រិដ្ឋជន ដែលបានកើនឡើងដល់កម្រិតយ៉ាងខ្ពស់ ប៉ុន្តែលោកហាក់មិនអាចសម្រេចបានជោគជ័យ ក្នុងការគ្រប់គ្រងសកម្មភាពបង្ហូរឈាមគ្នាទាំងនេះឡើយ៕