(ប៉េកាំង)៖ នៅថ្ងៃអាទិត្យនេះ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានប្រកាសថា លោកប្តេជ្ញាប្រឆាំងការចង់បានឯករាជ្យភាពរបស់តៃវ៉ាន់ ហើយនឹងមិនបោះបង់ចោលជម្រើសប្រើកម្លាំងដាច់ខាត ដើម្បីបង្រួបបង្រួមគ្នាវិញជាមួយដែនកោះនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០២២។
លោកប្រធានាធិបតីចិន បានលើកឡើងដូចខាងលើ ក្នុងឱកាសថ្លែងសុន្ទរកថា ចាប់បើកសមាជលើកទី២០ នៃគណបក្សកុម្មុយនិស្តចិន។ កំលុងពេលនោះ ពាក់ព័ន្ធនឹងប្រធានបទតៃវ៉ាន់ លោក ស៉ី ជិនពីង បាននិយាយដូច្នេះថា «កន្លងមកនេះ យើងខិតខំតស៊ូយ៉ាងអង់អាច ប្រឆាំងនឹងចលនាផ្តាច់ខ្លួនក៏ដូចជាការជ្រៀតជ្រែក ដែលវាស្តែងចេញនូវការប្តេជ្ញាយ៉ាងរឹងមាំ រួមទាំងសមត្ថភាព ក្នុងការរក្សាអធិបតេយ្យ និងបូរណភាពទឹកដីនៃប្រទេសរបស់យើង ហើយប្រឆាំងនឹងឯករាជ្យភាពតៃវ៉ាន់»។
លោក ស៉ី ជិនពីង បានបន្តថា «យើងនឹងព្យាយាមប្រកាន់ខ្ជាប់ នូវជំហរស្វែងរកការបង្រួបបង្រួមគ្នាវិញដោយសន្តិវិធី ក្រោមកិច្ចប្រឹងប្រែងដ៏ស្មោះត្រង់បំផុត ប៉ុន្តែទន្ទឹមគ្នាយើងនឹងមិនប្តេជ្ញាបោះបង់ដាច់ខាត នូវការប្រើប្រាស់កម្លាំងដើម្បីធ្វើយ៉ាងដូច្នេះ ព្រមទាំងរក្សានូវជម្រើស ដើម្បីចាត់វិធានការចាំបាច់គ្រប់បែបយ៉ាង»។
យ៉ាងណាក្តី លោក ស៉ី បានបញ្ជាក់ថា ជម្រើសនៃការប្រើកម្លាំង គឺមានគោលដៅចម្បងចំពោះ ការជ្រៀតជ្រែកពីបរទេស ហើយនិងក្រុមមួយចំនួនតូច ដែលគាំទ្រចលនាឯករាជ្យភាពតៃវ៉ាន់ ជាជាងប្រជាជនតៃវ៉ាន់ទាំងមូល ដោយលោកបានសង្កត់ធ្ងន់ថា ចិនតែងតែគោរព យកចិត្តទុកដាក់ និងផ្តល់ផលប្រយោជន៍ដល់ ប្រជាជនតៃវ៉ាន់ជានិច្ច។
គួរបញ្ជាក់ថា ភាពតានតឹងរវាងចិននិងតៃវ៉ាន់ បានកើនឡើងខ្លាំងកាលពីសីហា នៅពេលទីក្រុងប៉េកាំងបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅក្បែរដែនកោះនេះ បន្ទាប់ពីប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) បានធ្វើទស្សនកិច្ចដ៏ចម្រូងចម្រាស មកកាន់ទីក្រុងតៃប៉ិរបស់តៃវ៉ាន់ ដោយមិនខ្វល់ពីការព្រមានម្តងហើយម្តងទៀតរបស់ចិន៕