(ប៉ារីស)៖ រដ្ឋមន្រ្តីការពារជាតិបារាំង លោក សេបាស្ទីន ឡេគ័រនូ (Sebastein Lecornu) កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បានប្រកាសថា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានគាំទ្រលើសំណើមួយស្តីពីការផ្តល់ការហ្វឹកហាត់ដល់ កងទ័ពអ៊ុយក្រែនក្នុងចំនួនដ៏ច្រើនមួយ នៅក្នុងប្រទេសបារាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០២២។
លោក ឡេគ័រនូ បានប្រាប់សារព័ត៌មានក្នុងស្រុកដូច្នេះថា «លោកប្រធានាធិបតី ម៉ាក្រុង បានអនុញ្ញាតចំពោះផែនការបណ្តុះបណ្តាលមួយ ដែលនឹងអាចឱ្យទាហានអ៊ុយក្រែន រហូតដល់២,០០០នាក់ ត្រូវបានស្វាគមន៍ឱ្យមកទទួលការហ្វឹកហាត់ នៅក្នុងប្រទេសបារាំង។ ពួកគេនឹងត្រូវមកហាត់រៀននៅតាមអង្គភាពរបស់យើង សម្រាប់រយៈពេលប៉ុន្មានសប្តាហ៍»។
បើតាមលោករដ្ឋមន្រ្តីការពារជាតិបារាំង កន្លងមកទីក្រុងប៉ារីស ធ្លាប់បានស្នើផ្តល់ការហ្វឹកហាត់ ប្រើប្រាស់ប្រព័ន្ធកាំភ្លើងធំហោវីតសឺ ស៉ីសា (Caesar) ដល់ទាហានអ៊ុយក្រែន។ លោក ឡេគ័រនូ បានឱ្យដឹងថា បារាំងបានប្រគល់ប្រព័ន្ធកាំភ្លើងធំ ស៉ីសា សរុប១៨គ្រឿងដល់អ៊ុយក្រែន ខណៈកំពុងមានកិច្ចពិភាក្សា ដើម្បីផ្តល់៦គ្រឿងថែមទៀត។
ប្រមុខការពារជាតិបារាំងរូបនេះ បានបន្តថា បារាំងក៏កំពុងពិចារណាលើ ការប្រគល់ប្រព័ន្ធបាញ់ផ្លោងគ្រាប់រ៉ុក្កែតផងដែរ ហើយលោកបានសន្យាថា បារាំងនឹងផ្តល់ប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយខ្លី ក្រូតែល (Crotale) ដល់អ៊ុយក្រែនថែមទៀតផង។
កាលពីថ្ងៃពុធសប្តាហ៍នេះ លោក ម៉ាក្រុង បានអះអាងថា បារាំងនឹងប្រគល់ប្រព័ន្ធរ៉ាដា ក៏ដូចជាប្រព័ន្ធការពារដែនអាកាស ដល់អ៊ុយក្រែនក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ ក្រោមគោលបំណងជាពិសេស ដើម្បីជួយអ៊ុយក្រែនការពារខ្លួន ពីការវាយប្រហារដោយមីស៉ីលនិងដ្រូន៕