(ប៉េកាំង)៖ នាព្រឹកថ្ងៃអាទិត្យនេះ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានចាប់ផ្តើមបើកសមាជនៃគណបក្សកុម្មុយនិស្តចិនលើកទី២០ ជាព្រឹត្តិការណ៍ដែលមានរយៈពេលមួយសប្តាហ៍ ហើយកំលុងពេលនោះ រូបលោកបានគេរំពឹងជាខ្លាំងថា នឹងនៅបន្តតំណែងជា អគ្គលេខាធិការរបស់បក្សដដែល សម្រាប់អាណត្តិទី៣ ហើយនឹងធ្វើឱ្យលោកក្លាយជា មេដឹកនាំចិនដ៏មានឥទ្ធិពលបំផុត គិតចាប់តាំងពីលោក ម៉ៅ សេទុង (Mao Zedong)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០២២។
ព្រឹត្តិការណ៍ដ៏ធំខាងលើ ដែលមានការចូលរួមពីអ្នកតំណាងបក្សប្រហែល ២,៣០០នាក់ មកពីទូទាំងប្រទេសចិន បានចាប់ផ្តើមប្រារព្ធឡើង ក្នុងសាលវិមានប្រជាជន ក្បែរទីលានធានអានម៉ិន (Tiananmen) នៃរដ្ឋធានីប៉េកាំង ក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងតឹងរ៉ឹង។ លោក ស៉ី ជីនពីង បានចាប់ផ្តើមថ្លែងសុន្ទរកថាបើកអង្គសមាជ ដែលរៀបរាប់ការវាយតម្លៃអំពីសមិទ្ធផលរបស់បក្ស ព្រមទាំងដាក់ចេញនូវអាទិភាពផ្សេងៗ សម្រាប់រយៈពេល៥ឆ្នាំខាងមុខ។
អំលុងការកាន់អំណាចរយៈពេល ប្រមាណជាមួយទសវត្សរ៍មកនេះ លោក ស៉ី ជិនពីង បានដឹកនាំប្រទេសចិន ដោយផ្តោតអាទិភាពទៅលើ វិស័យសន្តិសុខនិងសេដ្ឋកិច្ច ក៏ដូចជាការពង្រឹងការទូតនិងយោធា ព្រមទាំងការបង្កើនការដាក់សម្ពាធទៅលើកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកជា ដែនដីមួយរបស់ចិន។
បន្ទាប់ពីការកំណត់អាណត្តិ ត្រឹមរយៈពេល២អាណត្តិ សម្រាប់មេដឹកនាំ ត្រូវបានលុបចោលកាលពីឆ្នាំ២០១៨ សមាជគណបក្សកុម្មុយចិនលើកទី២០នេះ ដែលធ្វើឡើងជារៀងរាល់៥ឆ្នាំ ត្រូវគេរំពឹងថា នឹងបន្តទទួលស្គាល់លោក ស៉ី ជិនពីង ដែលបច្ចុប្បន្នមានវ័យ៦៩ឆ្នាំ ជាអគ្គលេខាធិការបក្ស ដែលជាមុខតំណែងមានឥទ្ធិពលបំផុតនៅក្នុងប្រទេសចិន ព្រមទាំងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម។ ជាធម្មតាអគ្គលេខាធិការបក្សកុម្មុយចិន ក៏នឹងក្លាយជាប្រធានាធិបតីរបស់ប្រទេសផងដែរ។ ការប្រកាសតែងតាំងប្រធានាធិបតីអាណត្តិថ្មី នឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០២៣ កំលុងសម័យប្រជុំនៃសភាជាតិចិន។
គួរបញ្ជាក់ថា បន្ទាប់ពីសមាជិកបក្ស បិទបញ្ចបនៅថ្ងៃសៅរ៍ចុងសប្តាហ៍ក្រោយ លោក ស៉ី នឹងបង្ហាញសមាសភាពថ្មី នៃគណៈកម្មាធិការអចិន្រ្តៃយ៍ការិយាល័យនយោបាយ ដែលជាក្រុមថ្នាក់ដឹកនាំកំពូលចិន មានសមាជិកចំនួន៧នាក់។ នៅក្នុងនោះ នឹងរួមមានទាំងបុគ្គល ដែលនឹងត្រូវជំនួសលោក លី ខឺជាំង (Li Keqiang) វ័យ៦៧ឆ្នាំ ជានាយករដ្ឋមន្រ្តីផងដែរ នៅពេលលោក លី ត្រូវចាកចេញពីតំណែង នៅខែមីនា ឆ្នាំក្រោយ បន្ទាប់ពីលោកបានកាន់តួនាទីនេះ គ្រប់២អាណត្តិ ដែលត្រូវបានកំណត់៕