(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ីបានឱ្យដឹងថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ខ្មាន់កាំភ្លើងបានបាញ់សម្លាប់មនុស្ស១១នាក់ នៅមូលដ្ឋានហ្វឹកហ្វឺនយោធាមួយកន្លែង ក្នុងប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០២២។

ទីភ្នាក់ងារព័ត៌មាន RIA ដែលយោងតាមប្រភពពីក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងទៀតថា មនុស្ស១៥នាក់ ក៏បានទទួលរងរបួសផងដែរ នៅក្នុងហេតុការណ៍ ដែលបានកើតឡើងក្នុងតំបន់ប៊ែលហ្គោរ៉ូដ (Belgorod) ភាគនិរតីប្រទេសរុស្ស៉ី នៅជាប់នឹងព្រំប្រទល់ជាមួយអ៊ុយក្រែន នៅពេលខ្មាន់កាំភ្លើង២នាក់ ធ្វើសកម្មភាពបាញ់ប្រហារទៅលើ មនុស្សមួយក្រុមដែលបានស្ម័គ្រចូលរួមប្រយុទ្ធ ក្នុងសង្រ្គាមនៅអ៊ុយក្រែន។

បើតាមទីភ្នាក់ងារព័ត៌មាន RIA ខ្មាន់កាំភ្លើងទាំង២នាក់នោះ ដែលជាជនជាតិអតីតប្រទេសសូវៀតមួយ ដែលមិនត្រូវបានបញ្ជាក់ឈ្មោះ គឺត្រូវបានបាញ់សម្លាប់ភ្លាមៗ។ ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីមួយចំនួនទៀត បានរាយការណ៍ថា ចំនួនអ្នកស្លាប់ក្នុងករណីបាញ់ប្រហារនោះ គឺខ្ពស់ជាងតួលេខផ្លូវការខាងលើ។

ចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកទល់ពេលនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថា ទាហានរុស្ស៉ីជិត៦៥,០០០នាក់ហើយបានស្លាប់ ខណៈកាលពីថ្ងៃទី២១ ខែកញ្ញា ទីក្រុងមូស្គូបានចេញមុខ អះអាងថា កងទ័ពខ្លួនតែ៥,៩៣៧នាក់ប៉ុណ្ណោះ ដែលបានបាត់បង់ជីវិត។ រីឯកាលពីខែសីហា មន្ទីរបញ្ចកោណអាមេរិក បានប៉ាន់ប្រមាណថា ទាហានរុស្ស៉ីចន្លោះ៧០,០០០-៨០,០០០នាក់ បានស្លាប់ឬមួយក៏រងរបួស៕