(ប៉េកាំង)៖ សមាជបក្សកុម្មុយនីស្តចិនលើកទី២០ នឹងបើកធ្វើនៅវេលាម៉ោង ១០ព្រឹកថ្ងៃទី១៦ ខែតុលាក្នុងវិមានសភាប្រជាជនក្រុងប៉េកាំង។ កិច្ចប្រជុំលើកនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។
លោក Sun Yeli អ្នកនាំពាក្យនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានជូនដំណឹងដូចពោលខាងលើ នៅក្នុងសន្និសីទសារព័ត៌មាន នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ នាថ្ងៃទី១៥ ខែតុលា។ អ្នកនាំពាក្យរូបនេះបានថ្លែងថា បន្ទាប់ពីការត្រួតពិនិត្យ នៃគណៈកម្មាធិការត្រួតពិនិត្យសិទ្ធិចូលរួម សមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានបញ្ជាក់ថា តំណាងបក្សចំនួន២២៩៦ នាក់មានសិទ្ធិចូលរួមកិច្ចប្រជុំ ពួកគេនឹងតំណាងឱ្យអង្គភាពបក្សប្រចាំមូលដ្ឋានជាង ៤,៩ លានកន្លែង និងសមាជិកបក្សជាង ៩៦ លាននាក់ចូលរួមសមាជបក្សលើកនេះ។
ពេលបច្ចុប្បន្ន ការងារត្រៀមពាក់ព័ន្ធបានធ្វើរួចជាស្រេច ដើម្បីបើកធ្វើសមាជបក្សកុម្មុយនីស្តចិនលើកទី២០។ សូមបញ្ជាក់ថា បក្សកុម្មុយនីស្តចិនដែលមានប្រវត្តិសាស្រ្ត១០១ឆ្នាំ ជាបក្សនយោបាយធំជាងគេលើពិភពលោក។ សមាជបក្សកុម្មុយនីស្តចិន និងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលបង្កើតឡើងដោយសមាជបក្ស គឺជាស្ថាប័នដឹកនាំកំពូលរបស់បក្សកុម្មុយនីស្តចិន។ សមាជបក្សកុម្មុយនីស្តចិនបើកធ្វើជារៀងរាល់ប្រាំឆ្នាំម្តង។
ក្នុងអំឡុងពេលធ្វើសមាជបក្ស តំណាងបក្សនឹងពិនិត្យរបាយការណ៍ របស់គណៈកម្មាធិការមជ្ឈិមបក្ស និងរបាយការណ៍ការងាររបស់ គណៈកម្មាធិការត្រួតពិនិត្យវិន័យ នៃមជ្ឈិមបក្សអាណត្តិមុន ធ្វើវិសោធនកម្មលក្ខន្តិកៈរបស់បក្ស ពិភាក្សានិងធ្វើសេចក្តីសម្រេចលើ បញ្ហាសំខាន់ៗរបស់បក្ស ព្រមទាំងបោះឆ្នោតជ្រើសរើស និងបង្កើតគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងគណៈកម្មាធិការត្រួតពិនិត្យវិន័យ នៃមជ្ឈិមបក្សអាណត្តិថ្មី៕
វិទ្យុមិត្តភាពកម្ពុជាចិន