ប៉ាគីស្ថាន កោះហៅឯកអគ្គរដ្ឋទូតអាមេរិក ជុំវិញការលើកឡើងពីបញ្ហានុយក្លេអ៊ែររបស់លោក បៃដិន
(អ៉ីស្លាមម៉ាបាដ)៖ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក បាឡាវ៉ាល ប៊ូតូ ហ្សាដារី (Bilawal Bhutto-Zardari) បាននិយាយនៅថ្ងៃសៅរ៍នេះថា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសប៉ាគីស្ថាន ត្រូវបានកោះហៅមកសួរនាំ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងក្នុងសុន្ទរកថាមួយថា ប៉ាគីស្ថានគឺ «ប្រហែលជាប្រទេសមួយក្នុងចំណោមប្រទេសដ៏គ្រោះថ្នាក់បំផុតក្នុងពិភពលោក ខណៈប្រទេសនេះមានអាវុធនុយក្លេអ៊ែរដែលគ្មានការរួបរួម»។
លោក ហ្សាដារី បាននិយាយថា លោកមានការភ្ញាក់ផ្អើលចំពោះការអត្ថាធិប្បាយរបស់លោក បៃដិន ហើយការយល់ច្រលំត្រូវបានបង្កើតឡើងដោយកង្វះការចូលរួមតាមដានការពិត។ លោកមិនគិតថាការសម្រេចចិត្តកោះហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក នឹងប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនោះទេ។
គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក បៃដិន ខាងលើនេះ ធ្វើឡើងនៅឯពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការយុទ្ធនាការរបស់សភា មកពីគណបក្សប្រជាធិបតេយ្យនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕