(បាទីន, តួកគី)៖ អាជ្ញាធរនៅក្នុងប្រទេសតួកគី បាន​ឱ្យដឹងថាចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ផ្ទុះនៅឯអណ្ដូងរ៉ែធ្យូងថ្មមួយកន្លែង កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ស្ថិតនៅក្នុងខេត្តបាទីន (Bartin) នៃភាគខាងជើងប្រទេសបានកើនដល់ ៤០នាក់ ខណៈម្នាក់កំពុងបាត់ខ្លួននៅឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២។

បើតាមអាជ្ញាធរតួកគី កម្មករអណ្ដូងរ៉ែ៥៨នាក់ ត្រូវបានជួយសង្រ្គោះ។ ក្រុមអ្នកស៊ើបអង្កេតបានឱ្យដឹងជាបឋមថាហេតុការណ៍ផ្ទុះនៅឯអណ្ដូងរ៉ែខាងលើអាច បង្កឡើងដោយឧស្ម័នមេតាន ហើយហេតុការណ៍ផ្ទុះនេះទៀតសោត កើតមានឡើងនៅចំពេលកម្មករប្រហែលជា១១០នាក់ កំពុងស្ថិតនៅក្នុងអណ្ដូងរ៉ែ។

កាលពីឆ្នាំ២០១៤ កម្មករ ៣០១នាក់ បានបាត់បង់ជីវិតនៅក្នុង សោកនាដកម្មអណ្ដូងរ៉ែដ៏អាក្រក់បំផុត នៃប្រវត្តិសាស្ត្រតួកគី ដែលកើតឡើងនៅឯទីក្រុង សូម៉ា (Soma) ស្ថិតនៅចម្ងាយ ៣៥០គីឡូម៉ែត្រពីភាគខាងត្បូង ទីក្រុងអ៉ីស្ដង់ប៊ូល៕