(បាទីន, តួកគី)៖ អាជ្ញាធរនៅក្នុងប្រទេសតួកគី បាន​ឱ្យដឹងថាមនុស្សយ៉ាងហោច ២៨នាក់ បានស្លាប់ក្នុងហេតុការណ៍ផ្ទុះនៅឯអណ្ដូងរ៉ែធ្យូងថ្មមួយកន្លែង កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ស្ថិតនៅក្នុងខេត្តបាទីន (Bartin) នៃភាគខាងជើងប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២។

បើតាមអាជ្ញាធរតួកគី មនុស្ស ១១នាក់ ក្នុងចំណោមកម្មករអណ្ដូងរ៉ែ៥៨នាក់ ដែលត្រូវបានជួយសង្រ្គោះនោះកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ខណៈ ១៥នាក់ ទៀតត្រូវបានគេរាយការណ៍ថាកំពុងជាប់គាំងនៅក្នុងអណ្ដូងរ៉ែ។

ក្រុមអ្នកស៊ើបអង្កេតបានឱ្យដឹងជាបឋមថាហេតុការណ៍ផ្ទុះនៅឯអណ្ដូងរ៉ែខាងលើអាចបង្កឡើងដោយឧស្ម័នមេតាន ហើយហេតុការណ៍ផ្ទុះនេះទៀតសោត កើតមានឡើងនៅចំពេលកម្មករប្រហែលជា១១០នាក់ កំពុងស្ថិតនៅក្នុងអណ្ដូងរ៉ែ។ កាលពីឆ្នាំ២០១៤ កម្មករ ៣០១នាក់ បានបាត់បង់ជីវិតនៅក្នុង សោកនាដកម្មអណ្ដូងរ៉ែដ៏អាក្រក់បំផុត នៃប្រវត្តិសាស្ត្រតួកគី ដែលកើតឡើងនៅឯទីក្រុង សូម៉ា (Soma) ស្ថិតនៅចម្ងាយ ៣៥០គីឡូម៉ែត្រពីភាគខាងត្បូង ទីក្រុងអ៉ីស្ដង់ប៊ូល៕