(រីយ៉ាដ)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត SPA បានរាយការណ៍ថារដ្ឋាភិបាលទីក្រុងរីយ៉ាដ នឹងផ្ដល់ជំនួយមនុស្សធម៌ ៤០០លានដុល្លារ សម្រាប់ អ៊ុយក្រែន បន្ទាប់ពីការសម្រេចចិត្តដ៏ចម្រូងចម្រាសក្នុងការកាត់បន្ថយការផលិតប្រេង ដែលធ្វើឱ្យសហរដ្ឋអាមេរិកខឹងសម្បារជាខ្លាំង។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២។

ការសន្យាផ្ដល់ជំនួយមនុស្សធម៌ខាងលើ ធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងព្រះអង្គម្ចាស់រជ្ជទាយាទ មហាំម៉ាត់ ប៊ីន សាល់ម៉ាន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃសុក្រសប្ដាហ៍នេះ។ បើតាម SPA ព្រះអង្គម្ចាស់ ប៊ីនសាល់ម៉ាន បានគូសបញ្ជាក់ថា អារ៉ាប៊ីសាអូឌីតត្រៀមលក្ខណៈជាស្រេចដើម្បីបន្តកិច្ចខិតប្រឹងប្រែងលើកិច្ចសម្របសម្រួល ក៏ដូចជាផ្ដល់ការគាំទ្រនានាដែលចូលរួមចំណែកដល់ ការបន្ធូរបន្ថយភាពតានតឹង។

SPA បន្ថែមទៀតថានៅក្នុងជំនួបតាមទូរស័ព្ទនោះ លោក ហ្សេលេនស្គី ក៏បានអបអរសាទរផងដែរដល់ព្រះអង្គម្ចាស់ ប៊ីនសាល់ម៉ាន ដែលត្រូវបានតែងតាំងជា នាយករដ្ឋមន្ត្រី និងអរគុណដល់ទីក្រុងរីយ៉ាដា ដែលបានបោះឆ្នោតនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីថ្កោលទោសការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់ពីសំណាក់រុស្ស៉ី។

គួរបញ្ជាក់ថា ការប្រកាសផ្ដល់ជំនួយមនុស្សធម៌របស់ទីក្រុងរីយ៉ាដ កើតមានឡើង បន្ទាប់ពីអារ៉ាប៊ីសាអូឌីតសម្រេចចិត្តកាត់បន្ថយការផលិតប្រេងដែលត្រូវបាន ទីក្រុងវ៉ាស៊ីនតោនអះអាងថាជាទង្វើឈរនៅខាងរុស្ស៉ី ហើយនឹងធ្វើឱ្យតម្លៃប្រេងឆៅឡើងថ្លៃ ដែលនឹងជួយបង្កើនប្រាក់ចំណូលឱ្យរុស្ស៉ីយកទៅប្រើក្នុងការធ្វើ សង្រ្គាមប្រឆាំងអ៊ុយក្រែន ព្រមទាំងបំផ្លាញដល់កិច្ចខិតប្រឹងប្រែងដាក់ទណ្ឌកម្មឱ្យរុស្ស៉ីឯកោ។ រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ក៏បានព្រមាន អារ៉ាប៊ីសាអូឌីតដែរពីផលវិបាកនៃការសម្រេចចិត្តបែបនេះ៕