(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះបានព្រមានថានឹងចាត់វិធានការយោធាសងសឹកយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងអ្វីដែលទីក្រុងព្យុងយ៉ាងចាត់ទុកថាជាការបង្កហេតុ ដោយចេតនាពីសំណាក់កូរ៉េខាងត្បូង នៅចំពោះមុខភាពតានតឹងខ្លាំងនៅលើតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២។
ការព្រមានខាងលើធ្វើឡើងដោយអ្នកនាំពាក្យម្នាក់របស់កងទ័ពប្រជាជនកូរ៉េខាងជើង (KPA) ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មួយថ្ងៃបន្ទាប់ពីរបបដឹកនាំលោក គីម ជុងអ៊ុន បាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយ និងបាញ់កាំភ្លើងធំរាប់រយគ្រាប់នៅក្បែរតំបន់ព្រំដែនជាមួយកូរ៉េខាងត្បូង។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA អ្នកនាំពាក្យរូបនេះដដែល បានបញ្ជាក់ដូច្នេះថា «កងទ័ពជួរមុខ KPA បានបាញ់កាំភ្លើងធំកាលពីថ្ងៃសុក្រ ជាសារព្រមានយ៉ាងច្បាស់ទៅកាន់ ការបង្កហេតុម្ដងហើយម្ដងទៀតពីសត្រូវ...ហើយនៅពេលអនាគត កងទ័ពរបស់យើងនឹងមិនលើកលែងឱ្យជាដាច់ខាតចំពោះការបង្កហេតុពីសត្រូវដែលនាំឱ្យមាន ភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េ ជាមួយការចាត់វិធានការយោធាសងសឹកយ៉ាងម៉ឺងម៉ាត់»។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍នេះ កូរ៉េខាងជើងក៏បានបញ្ជូនយន្ដហោះចម្បាំងប្រហែល ១០គ្រឿង ឱ្យហោះទៅក្បែរតំបន់ជាប់ព្រំដែនជាមួយកូរ៉េខាងត្បូង ផងដែរ ជាការឆ្លើយតបទៅនឹងការធ្វើសមយុទ្ធបាញ់កាំភ្លើងធំរបស់សេអ៊ូល ដែលបានអះអាងថាការធ្វើសមយុទ្ធរបស់ខ្លួន គឺធ្វើឡើងដោយស្របច្បាប់តាមទម្លាប់ធម្មតា៕