(ប៉េកាំង)៖ គណបក្សកុម្មុយនិស្ដ ជាបក្សកាន់អំណាចតែមួយគត់នៅក្នុងប្រទេសចិន នឹងបើកសមាជបក្ស នៅថ្ងៃអាទិត្យ ទី១៦ ខែតុលានេះដើម្បីជ្រើសរើស មេដឹកនាំកំពូលថ្មីៗរបស់ខ្លួន ខណៈលោក ស៊ី ជិនពីង ត្រូវបានគេរំពឹងខ្ពស់ថានឹងបន្តកាន់តំណែងសម្រាប់អាណត្តិទី៣ ក្នុងនាមជាអគ្គលេខាធិការ បក្សកុម្មុយនិស្ដចិន។ សមាជបក្សលើកទី២០ នៃគណបក្សកម្មុយនិស្ដចិនដែលធ្វើឡើងជារៀងរាល់៥ឆ្នាំម្ដង នឹងត្រូវប្រព្រឹត្តទៅក្នុងទីក្រុងប៉េកាំង ដោយមាន ប្រតិភូ ២,៣០០នាក់មកពីទូទាំងប្រទេសចូលរួម។

ក្រៅតែពីការរំពឹងថាលោក ស៊ី ជិនពីង នៅតែបន្តកាន់តំណែងជាអគ្គលេខាធិការបក្ស និងជាប្រធានគណៈកម្មការយោធាមជ្ឈិម សមាជបក្សកុម្មុយនិស្ដចិនក៏នឹង បង្ហាញផងដែរពីគណៈកម្មាធិការមជ្ឈិមថ្មីមួយដែលមានសមាជិកពេញសិទ្ធិ ២០០នាក់ និងសមាជិកប្ដូរវេន១៧០នាក់ ព្រមទាំងសមាជិក ២៥រូបនៃការិយាល័យ នយោបាយ និងសមាជិក៧រូប នៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយ។ ក្នុងរយៈពេលមួយសប្ដាហ៍ បញ្ជីឈ្មោះតែងតាំងមន្ត្រីថ្មីៗនឹងត្រូវបាន ប្រកាស ហើយខាងក្រោមនេះគឺជាវាអ្វីដែលគេអាចរំពឹងបានពីសមាជបក្សកុម្មុយនិស្ដចិន៖

*តើលោក ស៊ី ជិនពីង នឹងត្រូវបានតែងតាំងជាប្រធានាធិបតី សម្រាប់អាណត្តិទី៣ ឬ?

លោក ស៊ី ជិនពីង កំពុងកាន់តំណែងសំខាន់ៗចំនួន៣ រួមមាន៖ អគ្គលេខាធិការគណបក្សកុម្មុយនិស្ដចិន, ប្រធានគណៈកម្មការយោធាមជ្ឈិម និងប្រធានាធិបតីចិន ដែលមានតួនាទីជាប្រមុខរដ្ឋផង។ លោកត្រូវបានគេរំពឹងខ្ពស់ថានឹងត្រូវបានតែងតាំងឱ្យបន្តកាន់តំណែងជាអគ្គលេខាធិការបក្ស និងប្រធានគណៈកម្មការយោធា មជ្ឈិមនៅក្នុងសមាជបក្សឆ្នាំនេះ ខណៈទាំងតំណែងជាប្រធានាធិបតី និងនាយករដ្ឋមន្ត្រីអាចនឹងត្រូវបានប្រកាសនៅឯសម័យប្រជុំប្រចាំឆ្នាំនៃសភាជាតិប្រជាជនចិន ដែលជាទម្លាប់ធម្មតា ធ្វើឡើងនៅខែមីនា ពោលគឺត្រូវនឹងខែមីនា ឆ្នាំ២០២៣។

តែយ៉ាងណាក៏ដោយ ជាទូទៅ បើកាន់តំណែងជាប្រធានគណបក្សកុម្មុយនិស្ដចិនហើយ គឺតែងតែត្រូវបានតែងតាំងជាប្រធានាធិបតី។

*តើសមាជក្នុងឆ្នាំនេះ ខុសប្លែកពីសមាជមុនៗដូចមេ្ដច?

ខណៈអាចនឹងបន្តកាន់តំណែងជាប្រធានបក្សកុម្មុយនិស្ដ សម្រាប់អាណតិ្តទី៣ លោក ស៊ី ជិងពីង ក៏ត្រូវបានគេរំពឹងខ្ពស់ដែរថាអាចនឹងលុបចោលជាផ្លូវការនូវប្រព័ន្ធ ផ្ទេរតំណែងបន្ត ដែលធ្លាប់ត្រូវបានអនុវត្តពីឆ្នាំ២០០២ ដល់ឆ្នាំ២០១២។ កាលពីឆ្នាំ២០០២ លោក ហ៊ូ ជីនតាវ (Hu Jintao) បានបន្តវេនលោក ជាំង ហ្សេមីន (Jiang Zemin) ជាអគ្គលេខាធិការបក្សកុម្មុយនិស្ដចិន ហើយនៅឆ្នាំ២០១២ លោក ហ៊ូ ជីនតាវខ្លួនឯងបានត្រួសត្រាយផ្លូវឱ្យលោក ស៊ី ជិនពីង បន្តវេនពី រូបលោក។

នៅក្នុងសមាជបក្សលើកទី១៩ កាលពីឆ្នាំ២០១៧ ក្នុងខែតុលា លោក ស៊ី ជិនពីង មិនបានតែងតាំងប្រធានាធិបតីបន្តវេនពីរូបលោក ឱ្យកាន់តំណែងនៅក្នុង គណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយនោះទេ។ ទាំងលោក ហ៊ូ ជីនតាវ និងលោក ជាំង ហ្សេមីន សុទ្ធតែបានតែងតាំងអ្នកបន្តវេន មុននឹងបោះបង់ អំណាច។ នៅខែមីនា ឆ្នាំ២០១៨ សភាជាតិប្រជាជនចិន (NPC) បានប្រកាសពីបំណងចង់កាន់បន្តអំណាចអាណត្តិទី៣របស់លោក ស៊ី ជិនពីង ជាមួយការសម្រេច លុបចោលការកំណត់អាណត្តិប្រធានាធិបតីចិន ដែលដំបូងឡើយប្រធានាធិបតីអាចកាន់តំណែងបានត្រឹម ២អាណត្តិ ដោយមិនមានការកំណត់អាណត្តិលើ តំណែងជាអគ្គលេខាធិការបក្ស និងប្រមុខយោធានោះទេ។

*តើមានសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយប៉ុន្មាននាក់ នឹងចូលនិវត្តន៍?

សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយ (PSC) ចំនួន ២រូប អាចនឹងត្រូវចូលនិវត្តន៍។ សម្រាប់មនុស្សគ្រប់គ្នានៅក្នុងបក្ស លើកលែងតែលោក ស៊ី ជិនពីង មានអាយុ៦៩ឆ្នាំ មិនចាំបាច់ឆ្លើយនឹងសំណួរ «ថាតើអ្នកមានអាយុប៉ុន្មានហើយនោះទេ»។ ប៉ុន្តែចំពោះអ្នកផ្សេង អាយុមិនគ្រាន់តែជាតួលេខឡើយ ដ្បិតអាយុ ៦៨ឆ្នាំ ឡើងទៅ គឺជាអាយុត្រូវចូលនិវត្តន៍ពីគណៈកម្មាធិការមួយនេះ។

សមាជិក PSC ចំនួន៤រូប ក្នុងនោះមានទាំងនាយករដ្ឋមន្ត្រី លោក លី ឃឺជាំង (Li Keqiang) មានអាយុ ៦៧ឆ្នាំ ឬតិចជាងនេះគឺមានសិទ្ធិកាន់តំណែងមួយអាណត្តិ ៥ឆ្នាំបន្ថែមទៀត។ តែក្រុមអ្នកជំនាញជឿជាក់ថាលោក ស៊ី ជិនពីង អាចនឹងបញ្ចូលមនុស្សជំនិតរបស់លោកបន្ថែម ក្នុងគណៈកម្មាធិការនេះ។

*តើនេះមានន័យថាលោក លី ឃឺជាំង អាចនឹងកាន់តំណែងជានាយករដ្ឋមន្ត្រី នៅអាណត្តិទី៣ ឬ?

«មិនអាចទៅរួចឡើយ»។ ពីព្រោះថាផ្ទុយពីប្រធានាធិបតី តំណែងជានាយករដ្ឋមន្ត្រីត្រូវបានកំណត់ត្រឹម ២អាណត្តិប៉ុណ្ណោះ។ តែប្រសិនបើលោក លី នៅតែអាច កាន់តំណែងនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយ នោះលោកអាចនឹងបន្តកាន់តំណែងជាមន្ត្រីជាន់ខ្ពស់លំដាប់ទី២ នៅក្នុងបក្ស ហើយក៏អាច នឹងកាន់តំណែងផ្សេងទៀតក្នុងជួររដ្ឋាភិបាល ឬក៏អាចមានភាគរយខ្ពស់កាន់តំណែងជា «ប្រធានសភា»។

*ចុះបើច្នេះ, តើនរណានឹងក្លាយជានាយករដ្ឋមន្ត្រីចិន?

តំណែងជានាយករដ្ឋមន្ត្រីចិន នឹងមិនត្រូវបានប្រកាសឱ្យដឹងឡើយ រហូតដល់សម័យប្រជុំសភាប្រជាជនចិន នៅខែមីនា ឆ្នាំ២០២៣។ ប៉ុន្តែ បើលោក លី ឃឺជាំង អាចបន្តកាន់តំណែងក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយ នោះសមាជិកនៅលេខរៀងលំដាប់ទី៣ នៃគណៈកម្មាធិការនេះអាចនឹងត្រូវបន្តវេនពី រូបលោកជានាយករដ្ឋមន្ត្រី។ ដោយឡែក នៅក្នុងករណីដែលលោក លី លាលែងពីតំណែងវិញ នោះអ្នកអាចនឹងកាន់តំណែងជានាយករដ្ឋមន្ត្រី គឺសមាជិកដែលនឹង ឡើងមកជំនួសលោក លី ក្នុងនាមជាសមាជិកលេខរៀងលំដាប់ទី២។

មកទល់បច្ចុប្បន្ន លោក វ៉ាង យ៉ាង (Wang Yang) ជាសមាជិកលេខរៀងលំដាប់ទី៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយ ត្រូវបានគេមើលឃើញ ថាជាបេក្ខជននាំមុខគេដែលអាចនឹងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ចិន ជំនួសលោក លី ស្របពេលឧបនាយករដ្ឋមន្ត្រី លោក ហ៊ូ ឈុនហួរ (Hu Chunhua) ដែលជាសមាជិកការិយាល័យនយោបាយ ក៏មានលទ្ធភាពអាចស្នងតំណែងពីលោក លី ផងដែរ។ តែលោក ឈុនហួរ មិនមែនជាសមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយឡើយ។

*តើមានមុខតំណែងផ្សេង គួរឱ្យចាប់អារម្មណ៍ ដែរទេ?

លើកលែងលោក ស៊ី ជិនពីងចេញ អ្នកដែលមានតំណែងជាន់ខ្ពស់នៅក្នុងជួរគណបក្សកុម្មុយនិស្ដ មិនប្រាកដថាជាមនុស្សមានអំណាចនោះទេ។ ជាឧទាហរណ៍ លោក លី ឃឺជាំង ត្រូវបានគេចាត់ទុកថាជានាយករដ្ឋមន្ត្រីមានអំណាចទន់ខ្សោយ បើទោះជាលោកមានតំណែងជាមន្ត្រីជាន់ខ្ពស់លំដាប់ទី២ នៅក្នុងបក្ស ក៏ដោយ។ នៅអំឡុងការដឹកនាំរបស់លោក ស៊ី ជិនពីង ក្នុងនាមជាមេដឹកនាំគណបក្ស ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ មនុស្សដែលមានអំណាចធំទី២ នៅក្នុងប្រទេសចិន នោះគឺ លោក វ៉ាង គីសាន (Wang Qishan) ដែលបានដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់លោក ស៊ី ជីនពីង និងគ្រាន់តែជាមន្ត្រីលេខរៀងទី៦ នៅក្នុង បក្សតែប៉ុណ្ណោះ។

មុខតំណែងសំខាន់ដែលគេទន្ទឹងរង់ចាំមើល នោះគឺប្រធានគណៈកម្មការមជ្ឈិមនយោបាយ និងកិច្ចការច្បាប់នៃគណបក្សកុម្មុយនិស្ដចិន ដែលមានតួនាទីគ្រប់គ្រង ប្រព័ន្ធសន្តិសុខផ្ទៃក្នុងទាំងមូលរបស់ចិន។ បេក្ខជនឈានមុខគេសម្រាប់តំណែងនេះមាន២រូប ដែលសុទ្ធសឹងតែងធ្លាប់ធ្វើការងារយ៉ាងជិតស្និទជាមួយលោក ស៊ី ជិនពីង កាលពីជាង ២ទសវត្សរ៍មុន ជាពេលដែលលោក ស៊ី ចាប់ផ្ដើមឡើងតំណែងជាបន្តបន្ទាប់ ក្នុងខេត្ត ហ្វូជាំន (Fujian) និងខេត្តហ្សេជាំង Zhejiang។ មនុស្ស ទាំង២រូបនេះ គឺលោក ឈិន យីស៊ីន (Chen Yixin) ដែលបច្ចប្បន្នជាអគ្គលេខាធិការគណៈកម្មការមជ្ឈិមនយោបាយ និងកិច្ចការច្បាប់ នៃគណបក្សកុម្មុយនិស្ដចិន និងលោក វ៉ាង សៀវហុង (Wang Xiaohong) ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន កាលពីខែកក្កដាកន្លងទៅនេះ៕