(កៀវ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា «ក្នុងពេលបច្ចុប្បន្ន» លោកមិនមានផែនការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំ ​ដូចជាការបាញ់ ស្រោចមីស៊ីលរយៈចម្ងាយឆ្ងាយជាង១០០គ្រាប់ លើទីក្រុងកៀវ និងទីក្រុងជាច្រើននៅទូទាំងប្រទេសអ៊ុយក្រែន កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនោះទេ។ នេះបើតាម ការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២។

ការកត់សម្គាល់ខាងលើរបស់លោក ពូទីន ធ្វើឡើងនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលមួយក្នុងប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃសុក្រសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីរុស្ស៉ីរូបនេះបានគូសបញ្ជាក់បន្ថែមដូច្នេះថា «យើងមិនបានដាក់ភារកិច្ចលើខ្លួនឯង ដើម្បីបំផ្លិចបំផ្លាញអ៊ុយក្រែននោះទេ ហើយនេះគឺជាការពិត»។ លោក ពូទីន បន្ដថារុស្ស៉ីនឹងបញ្ចប់ការកែនទ័ពសម្រាប់ធ្វើសង្រ្គាមនៅអ៊ុយក្រែន ក្នុងរយៈពេល ២សប្ដាហ៍ខាងមុខ បន្ទាប់ពីការកែនទ័ពនេះបង្ខំឱ្យប្រជាជនរុស្ស៉ីជាបុរសមួយចំនួន រត់ភៀសខ្លួនចេញពីប្រទេស។

គួរបញ្ជាក់ថា បើតាមលោក ពូទីន កងទ័ពបម្រុងជាង ២២២,០០០នាក់ នៃកងទ័ពបម្រុងដែលរំពឹងទុកចំនួន ៣០០,០០០នាក់ត្រូវបានកែនរួចរាល់ហើយ។ ប៉ុន្តែមកទល់ នឹងពេលនេះ កងទ័ពរុស្ស៉ីនៅតែបន្តបាត់បង់ទឹកដីដែលខ្លួនកំពុងគ្រប់គ្រងជាបន្តបន្ទាប់ ខណៈកងទ័ពអ៊ុយក្រែនកំពុងវាយរុលទៅមុខដោយសន្សឹមៗ នៅក្នុងសមរភូមិ ភាគខាងត្បូង និងភាគខាងកើតនៃប្រទេស៕