(វ៉ាស៊ីនតោន)៖ សេតវិមាន បាននិយាយថាសហរដ្ឋអាមេរិកនឹងបញ្ជូនកញ្ចប់ជំនួយយោធាបន្ថែមក្នុងទំហំទឹកប្រាក់ ៧២៥លានដុល្លារឱ្យអ៊ុយក្រែន ដែលនេះជាកញ្ចប់ ជំនួយយោធាលើកដំបូងបំផុត ចាប់តាំងពីរុស្ស៉ីបាញ់ស្រោចមីស៊ីលលើទីក្រុងកៀវ រួមទាំងទីក្រុងជាច្រើនទៀតនៅទូទាំងប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២។
បើតាមសេតវិមាន កញ្ចប់ជំនួយយោធាខាងលើមិនមានរួមបញ្ចូលអាវុធ ឬប្រព័ន្ធការពារដែនអាកាសថ្មីនោះទេ តែវាផ្ដោតសំខាន់លើការផ្គង់ផ្គង់បន្ថែមឱ្យអ៊ុយក្រែននូវ គ្រាប់រំសេវ និងអាវុធដែលទីក្រុងកៀវ បានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពក្នុងប្រតិបត្តិការវាយបកដណ្ដើមយកទឹកដីពីកងទ័ពរុស្ស៉ីមកវិញ។ ជំនួយយោធាថ្មីនេះ ក្នុងនោះរួមមានគ្រាប់រំសេវសម្រាប់ប្រព័ន្ធមីស៊ីល HIMARS ដែលនឹងធ្វើឱ្យជំនួយយោធាអាមេរិកសម្រាប់អ៊ុយក្រែននឹងកើនដល់ ១៨.៣ពាន់លានដុល្លារ ចាប់តាំងពី លោក ចូ បៃដិនឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក មក។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានផ្ដល់ប្រព័ន្ធមីស៊ីល HIMARS ចំនួន២០គ្រឿងឱ្យអ៊ុយក្រែន ជាមួយការសន្យាផ្ដល់១៨គ្រឿងបន្ថែមទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំ ខាងមុខ។ ប្រព័ន្ធមីស៊ីលដ៏ទំនើបនេះបានសម្ដែងឫទ្ធានុភាពដ៏អស្ចារ្យ នៅក្នុងសង្រ្គាមអ៊ុយក្រែន ហើយវាក៏ជាផ្នែកមួយជួយឱ្យកងកម្លាំងអ៊ុយក្រែនមានសមត្ថភាព វាយប្រហារលើកងទ័ពរុស្ស៉ីផងដែរ៕