(ព្រុចសែល)៖ បក្សសម្ព័ន្ធយោធាណាតូ (NATO) នៅថ្ងៃសុក្រសប្ដាហ៍នេះបានឱ្យដឹងថាយន្ដហោះចម្បាំង ៦០គ្រឿង ក្នុងនោះរួមមានទាំងយន្ដហោះទម្លាក់គ្រាប់បែក អាមេរិក B-52 នឹងត្រូវចូលរួមក្នុងសមយុទ្ធយោធានុយក្លេអ៊ែរមានឈ្មោះថា «Steadfast Noon» នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ។ នេះបើតាមការដកស្រង់ចេញផ្សាយពី ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២។
បើតាមណាតូ ប៊ែលហ្សិកនឹងធ្វើជាម្ចាស់ផ្ទះរៀបចំសមយុទ្ធខាងលើ ដែលមានប្រទេសជាសមាជិកណាតូចំនួន១៤ ចូលរួមក្នុងការបណ្ដុះបណ្ដាលការហោះហើរលើដែន អាកាសប៊ែលហ្សិក សមុទ្រ North Sea និងចក្រភពអង់គ្លេស ដើម្បីអនុវត្តពីការប្រើប្រាស់គ្រាប់បែកនុយក្លេអ៊ែរអាមេរិក មានមូលដ្ឋានក្នុងតំបន់អឺរ៉ុប។
សមយុទ្ធនុយក្លេអ៊ែរនេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី៣០ ខែតុលា និងធ្វើឡើងចំពេលភាពតានតឹងរវាងរុស្ស៉ី និងលោកខាងលិចឡើងកម្ដៅរឹតតែខ្លាំង ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ ប៉ុន្តែ ក្រុមមន្ត្រីណាតូបានឱ្យដឹងថាសមយុទ្ធនេះទៀតសោត មិនមានការបាញ់គ្រាប់ពិតនោះទេ ហើយក៏មិនមែនធ្វើឡើងដោយសារតែ ភាពតានតឹងជាមួយរុស្ស៉ីនោះដែរ ពោលគឺជាសមយុទ្ធតាមទម្លាប់ធម្មតាដែលបានគ្រោងទុកជាយូរមកហើយ៕