(ស៊ីដនី)៖ មនុស្សរាប់ពាន់នាក់នៅទូទាំងភាគអាគ្នេយ៍ នៃប្រទេសអូស្ត្រាលីត្រូវបានស្នើសុំឱ្យជម្លៀសខ្លួនទៅរកទីសុវត្ថិភាព រួមទាំងតំបន់មួយចំនួននៅជាយក្រុងភាគខាងលិច នៃទីក្រុងមែលប៊នផងដែរ បន្ទាប់ពីភ្លៀងធ្លាក់មិនឈប់ឈររយៈពេលពីរថ្ងៃ បានបង្កឱ្យមានទឹកជំនន់ភ្លាមៗ។ នេះបើយោងតាមការចេញផ្សាយតដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២។

ក្រុមមន្ត្រីបាននិយាយថា ផ្នែកមួយចំនួនធំនៃរដ្ឋ Victoria ភាគខាងត្បូងរដ្ឋ New South Wales និងតំបន់ភាគខាងជើងនៃរដ្ឋ Tasmania បានទទួលរងនូវស្ថានភាពអាកាសធាតុដ៏អាក្រក់ ដោយតំបន់ខ្លះមានភ្លៀងធ្លាក់ច្រើនជាងមួយខែមកហើយ។

លោក Tim Wiebusch ប្រធានផ្នែកសេវាសង្គ្រោះបន្ទាន់របស់រដ្ឋ Victoria បានប្រាប់អ្នកយកព័ត៌មានថា «ប្រព័ន្ធទន្លេរបស់យើង ... បានឈានដល់កម្រិតទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅពេលផ្សេងៗគ្នានៅថ្ងៃនេះ នៅចុងសប្តាហ៍ និងសប្តាហ៍ក្រោយ»។

គួរបញ្ជាក់ថា ទឹកជំនន់បានវាយប្រហារឆ្នេរសមុទ្រភាគខាងកើត នៃប្រទេសអូស្ត្រាលីជាច្រើនដងមកហើយចាប់តាំងពីដើមឆ្នាំមុន ដោយសារតែបាតុភូតអាកាសធាតុ La Nina ដែលនាំមកនូវភ្លៀងធ្លាក់កាន់តែច្រើន៕