(ប៉េកាំង)៖ នៅថ្ងៃទី១៣ ខែតុលា លោក Tokayev ប្រធានាធិបតីកាហ្សាក់ស្ថានបានជួបពិភាក្សាជាមួយលោក Wang Qishan អនុប្រធានរដ្ឋចិននៅក្រុង Astana។
ថ្លែងក្នុងកិច្ចជំនួប លោក Wang Qishan បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្រ របស់ប្រធានរដ្ឋចិនលោក Xi Jinping និងប្រធានាធិបតីកាហ្សាក់ស្ថានលោក Tokaev ចំណងមិត្តភាពចិន-កាហ្សាក់ស្ថានមានភាពរឹងមាំរហូតមក ហើយទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងកាហ្សាក់ស្ថានបានរក្សាការវិវឌ្ឍរីកចម្រើនខ្ពស់។ ប្រទេសចិនមានឆន្ទៈរួមជាមួយកាហ្សាក់ស្ថាន ដើម្បីអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមនៃប្រមុខរដ្ឋទាំងពីរ បន្តគាំទ្រយ៉ាងមុតមាំនូវផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក ចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍ជាមួយគ្នា និងការពារសន្តិសុខយុទ្ធសាស្ត្រនិងផលប្រយោជន៍អភិវឌ្ឍន៍រួម។
នៅថ្ងៃទី ១៣ ខែតុលា លោក Wang Qishan បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី ៦ នៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ព្រមទាំងថ្លែងសុន្ទរកថា។ លោកបានថ្លែងថា សន្និសីទអន្តរសកម្មភាពនិងវិធានការ កសាងទំនុកចិត្តនៅអាស៊ីគួរតែពង្រឹងសាមគ្គីភាព និងកិច្ចសម្របសម្រួល ឆ្លើយតបបញ្ហាប្រឈមដោយសមរម្យ និងផ្តោតលើការកសាងសហគមន៍រួមវាសនារបស់អាស៊ី។
លោក Wang Qishan បានសង្កត់ធ្ងន់ថា ជានិច្ចកាល ប្រទេសចិនតែងតែមើលការអភិវឌ្ឍរបស់ សន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ីតាមមុំយុទ្ធសាស្ត្រ និងមុំរយៈពេលវែង ហើយនឹងដើរតួនាទីឱ្យបានល្អ ក្នុងការសម្របសម្រួលលើវិស័យពាក់ព័ន្ធ រៀបចំឱ្យបានល្អនូវសកម្មភាពផ្លាស់ប្តូរក្នុងវិស័យកសិកម្ម ការអភិវឌ្ឍបៃតង ហិរញ្ញវត្ថុ និងធនាគារគំនិតជាដើម ដើម្បីរួមជាមួយភាគីទាំងអស់ជំរុញ កិច្ចសហប្រតិបត្តិការនៃសន្និសីទ អន្តរសកម្មភាពនិងវិធានការកសាង ទំនុកចិត្តនៅអាស៊ីឱ្យឈានដល់កម្រិតថ្មី៕
វិទ្យុមិត្តភាពកម្ពុជាចិន