(ព្រុចសែល)៖ នាយករដ្ឋមន្រ្តីបែលហ្ស៉ិក លោក អាឡិចសាន់ឌឺ ដឺក្រូ (Alexander De Croo) បានព្រមានថា ការកំណត់តម្លៃអគ្គិសនីដែលជាការអំពាវនាវរបស់ក្រុមប្រឆាំង អាចនាំឲ្យថាមពលត្រូវលក់ចេញទៅកាន់ទីផ្សារដទៃ រួមជាមួយការដាច់ភ្លើងក្នុងប្រទេសបែលហ្ស៊ិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២។

រដ្ឋាភិបាលបែលហ្ស៉ិក បាននិងកំពុងជំរុញឲ្យមានការកំណត់តម្លៃអគ្គិសនី នៅទូទាំងតំបន់អឺរ៉ុបចាប់តាំងពីខែមីនាមក ប៉ុន្តែរហូតមកដល់ពេលនេះ វិធីសាស្រ្តរួមមួយដើម្បីដោះស្រាយការឡើងថ្លៃថាមពល នៅមិនទាន់រកឃើញនៅឡើយ។ ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយបែលហ្ស៉ិក លោក ដឺក្រូ បានគូសបញ្ជាក់ថា «ប្រសិនបើយើងកំណត់តម្លៃអគ្គិសនីក្នុងប្រទេស នោះតម្លៃអគ្គិសនីដែលត្រូវបានលក់ក្នុងប្រទេសជិតខាង មិនមានកម្រិតដូចគ្នាឡើយ។ ប្រទេសយើងនឹងប្រឈមហានិភ័យ នៃការដាច់ភ្លើងដោយសារតែអគ្គិសនី នឹងត្រូវលក់នៅកន្លែងផ្សេង»។

លោកនាយករដ្ឋមន្រ្តី បានបន្ថែមថា ទីតាំងភូមិសាស្ត្រនៃប្រទេសបែលហ្ស៉ិ កដែលមានប្រជាជនចំនួន ១១លាននាក់ ក៏ត្រូវយកមកពិចារណាផងដែរ ដោយសារតែទំនាក់ទំនងគ្នាទៅវិញទៅមក ជាមួយប្រទេសជិតខាង។ ជាឧទាហរណ៍ នៅអេស្ប៉ាញ បើតាមទស្សនៈវិស័យថាមពល ប្រទេសនេះចាត់ទុកប្រៀបដូចជាកោះមួយ ដូច្នេះវាអាចទៅរួចសម្រាប់ការកំណត់តម្លៃអគ្គិសនី។

គួរបញ្ជាក់ថា មេដឹកនាំសហភាពអឺរ៉ុប គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃទី២១ និងទី២២ ខែតុលា គឺប៉ុន្មានថ្ងៃបន្ទាប់ពីគណៈកម្មការអឺរ៉ុប មានបំណងស្នើឡើងនូវវិធានការ ដើម្បីដោះស្រាយវិបត្តិថាមពល ដែលកំពុងជំរុញអតិផរណា និងបំផ្លាញសេដ្ឋកិច្ច នៅទូទាំងប្លុកនេះ៕