(វ៉ាស៉ីនតោន)៖ សេតវិមានអាមេរិកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអះអាងថា អារ៉ាប៊ីសាអូឌីតគឺជាអ្នកជំរុញប្រទេសដទៃទៀត ដែលជាសមាជិកអង្គការ OPEC ឱ្យឯកភាពគ្នាទៅលើការកាត់បន្ថយ ការផលិតប្រេងកាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ​ទី១៤ ខែតុលា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន ខឺប៊ី (John Kirby) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សមាជិក OPEC «លើសពីមួយ» បានបង្ហាញជំហរជំទាស់គំនិតកាត់បន្ថយការផលិតប្រេង របស់អារ៉ាប៊ីសាអូឌីត និងមានអារម្មណ៍រងការបង្ខិតបង្ខំ ឱ្យបោះឆ្នោតគាំទ្រចំណាត់ការនោះ។ ប៉ុន្តែលោក ខឺប៊ី បន្តថាលោកនឹងមិនបង្ហើបពី អត្តសញ្ញាណរបស់សមាជិក OPEC ទាំងនោះឡើយ ដោយទុកឱ្យពួកគេចេញមុខនិយាយដោយខ្លួនឯង។

កាលពីសប្តាហ៍កន្លងទៅ អង្គការប្រទេសនាំចេញប្រេង (OPEC) ហើយនិងសម្ព័ន្ធមិត្ត រួមមានទាំងរុស្ស៉ីផងដែរ ដែលហៅកាត់ថា OPEC+ បានឯកភាពគ្នាដាក់គោលដៅបន្ថយ ការផលិតប្រេងមកនៅត្រឹម២លានបារ៉ែល ក្នុងមួយថ្ងៃ។​ក្រសួងការបរទេស​អារ៉ាប៊ីសាអូឌីត បានចេញសេចក្តីថ្លែងការណ៍ថា ការសម្រេចចិត្តរបស់ OPEC+ ត្រូវបានធ្វើឡើងដោយសំឡេងឯកច្ឆន្ទ ហើយបាន​រាប់បញ្ចូលការពិចារណា ជុំវិញកត្តាសំខាន់ៗផ្សេងៗ។

យ៉ាងណាក្តី លោក ខឺប៊ី បាននិយាយដូច្នេះថា «ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត អាចអះអាងឬច្រានចោលបែបណាក៏បានដែរ ប៉ុន្តែការពិតសាមញ្ញបំផុត គឺការកាត់បន្ថយការផលិតប្រេងនេះ នឹងជួយបង្កើនប្រាក់ចំណូលរបស់រុស្ស៉ី ហើយកាត់បន្ថយប្រសិទ្ធភាព​នៃទណ្ឌកម្មរបស់អន្តរជាតិ ដែលត្រូវបានដាក់ទៅលើទីក្រុងមូស្គូ សម្រាប់ការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ»