(ការ៉ាកាស)៖ ក្រុមមន្ត្រីវេណេស៊ុយអេឡា បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥០នាក់ហើយ ក្រោយគ្រោះរអិលបាក់ដីដ៏អាក្រក់បំផុតមួយ បានវាយប្រហារលើក្រុងមួយកន្លែង នៅក្បែររដ្ឋធានីការ៉ាកាស (Caracas)។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២។

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មាន កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានបណ្តាលឲ្យជន់លិចទន្លេធំៗ នៅក្នុងក្រុងឡាស់ តេចឺរ៉េស (Las Tejerias) ជាទីដែលមានមនុស្សប្រហែល ៥០,០០០នាក់ បានតាំងទីលំនៅនៅលើតំបន់ភ្នំ ក្បែរទីក្រុងការ៉ាកាស។ ព្យុះភ្លៀងនោះបង្កឡើងដោយបាតុភូតអាកាសធាតុឡា នីណា (La Nina) តាមរដូវកាល ក៏ដូចជាឥទ្ធិពលនៃព្យុះហឺរីខេន ជូលៀ (Julia) ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ២៦នាក់នៅតំបន់អាមេរិកកណ្តាល រួមជាមួយការខូចខាតធ្ងន់ធ្ងរ។

រដ្ឋមន្រ្តីមហាផ្ទៃវេណេស៊ុយអេឡា លោក រ៉េមីហ្គីអូ សេបាលឡូស (Remigio Ceballos) បានប្រាប់ទូរទស្សន៍ក្នុងស្រុកមួយ ឲ្យដឹងថា រហូតមកដល់ពេលនេះ មានមនុស្សចំនួន៥០នាក់ហើយ ដែលបានបាត់បង់ជីវិត ហើយសាកសពដែលរកឃើញ ត្រូវបានប្រគល់ទៅឲ្យសាច់ញាតិរបស់ពួកគេ។ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) បាននិយាយកាលពីដើមសប្តាហ៍នេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះធម្មជាតិដ៏អាក្រក់បំផុតនេះ ទំនងជាកើនឡើងដល់ ១០០នាក់។

គួរបញ្ជាក់ថា បាតុភូតព្យុះភ្លៀងវាយប្រហារលើវេណេស៊ុយអេឡា តាមរដូវកាល មិនមែនជារឿងចម្លែកអ្វីនោះទេ ប៉ុន្តែលើកនេះ គឺជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតសម្រាប់ឆ្នាំ២០២២ បន្ទាប់ពីកម្រិតភ្លៀងធ្លាក់ជាប្រវត្តិសាស្ត្រ ដែលបណ្តាលឲ្យមនុស្សរាប់សិបនាក់ផ្សេងទៀតស្លាប់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ៕