(ប៉េកាំង)៖ «ការយកពន្ធគយចំពោះប្រទេសចិន ទទួលបរាជ័យទាំងស្រុងខាងវិស័យសេដ្ឋកិច្ច នយោបាយនិងច្បាប់»។កាសែត «The Hill» របស់អាមេរិកបានចុះផ្សាយអត្ថបទនៅពេលថ្មីៗនេះ ដោយទទួលស្គាល់ថាសង្គ្រាមពាណិជ្ជកម្ម ជាមួយប្រទេសចិនរបស់អាមេរិក ទទួលបរាជ័យទាំងស្រុង។

កាលពីខែមីនាឆ្នាំ២០១៨ រដ្ឋាភិបាលលោក Trump អាមេរិកនាពេលនោះ បានបំផុសសង្គ្រាមពាណិជ្ជកម្មចំពោះ ប្រទេសចិនដោយយកអ្វីដែលហៅថា «ការពិនិត្យអង្កេតលេខ៣០១» ធ្វើជាលេស បានដំឡើងពន្ធខ្ពស់លើទំនិញចិនក្នុងតម្លៃ ប្រហែល៣៦ម៉ឺនលានដុល្លារអាមេរិក ដែលនាំចេញទៅអាមេរិក។ ក្រោយពីរដ្ឋាភិបាលលោក Biden ឡើងកាន់អំណាចនៅខែមករាឆ្នាំ២០២១ បានបន្តអនុវត្តគោលនយោបាយពន្ធគយ ចំពោះប្រទេសចិនរបស់រដ្ឋាភិបាលអាមេរិកអាណត្តិមុន។ ប៉ុន្តែការពិតបានបញ្ជាក់ថា សង្គ្រាមពន្ធគយដែលបានដំណើរការអស់ រយៈពេលជាង៤ឆ្នាំលើកនេះ គឺលើកដុំថ្មមកទម្លាក់លើជើងខ្លួនឯង ហើយទម្លាក់មួយទំហឹង និងត្រូវរបួសខ្លាំងទៀតផង។

ទិន្នន័យសេដ្ឋកិច្ចគឺជាការបង្ហាញយ៉ាងច្បាស់ក្រឡែត។ តាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Moody’s បង្ហាញឱ្យឃើញថា ចំណាយពន្ធលើសពី ៩០ភាគរយក្នុងសង្គ្រាមពាណិជ្ជកម្ម ជាមួយប្រទេសចិនរបស់អាមេរិក គឺទទួលបន្ទុកដោយភាគីអាមេរិក។ ទីភ្នាក់សារព័ត៌មាន Bloomberg បានចង្អុលបង្ហាញថា ការដំឡើងពន្ធគយចំពោះប្រទេសចិន បានបង្កើនចំណាយរបស់អ្នកប្រើប្រាស់ និងសហគ្រាសអាមរិកយ៉ាងច្រើន ហើយក៏មិនបានធ្វើឱ្យផលិតកម្មអាមេរិក ងើបជាថ្មីឡើងវិញនោះដែរ។

មិនត្រឹមតែប៉ុណ្ណោះទេ តាមទិន្នន័យនៃក្រសួងពាណិជ្ជកម្មអាមេរិកបង្ហាញឱ្យឃើញថា នៅឆ្នាំ២០២១ឱនភាពពាណិជ្ជកម្មទំនិញ ជាមួយប្រទេសចិនរបស់អាមេរិក បានកើនឡើង១៤.៥ភាគរយមានដល់ទៅ ៣៥ម៉ឺន៥ពាន់៣រយលានដុល្លារអាមេរិក។ មានការស្រាវជ្រាវពាក់ព័ន្ធផ្សេងទៀត បង្ហាញឱ្យឃើញថាសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន បានបណ្តាលឱ្យសហគ្រាសអាមេរិក ខាតបង់តម្លៃទីផ្សារចំនួន ១៧០ម៉ឺនលានដុល្លារអាមេរិក បាត់បង់ឱកាសការងារជិត២៥ម៉ឺន ចំណាយនៃគ្រួសារនីមួយៗគិតជាមធ្យមក្នុងមួយឆ្នាំ បានកើនឡើងជិត១ពាន់៣រយដុល្លារអាមេរិក។

គ្មានអ្វីគួរឱ្យសង្ស័យឡើយ មេរៀនដែលបណ្តាលឱ្យអាមេរិកទទួលបរាជ័យទាំងស្រុងក្នុងសង្គ្រាមពន្ធគយជាមួយប្រទេសចិន គឺមានភាពជ្រាលជ្រៅណាស់។ ប៉ុន្ដែ តើក្រេបជញ្ជក់មេរៀនយ៉ាងដូចម្ដេច គឺកំពុងតែសាកល្បងប្រាជ្ញារបស់ អ្នកនយោបាយវ៉ាស៊ីនតោន។

ជាបឋម ពួកគេចាំបាច់ត្រូវដឹងច្បាស់ថា ទង្វើដែលផ្ទុយពីចំណេះទូទៅខាងសេដ្ឋកិច្ច និងក្រិតក្រមទីផ្សារគឺមិនអាចទៅរួចទេ។ ទី២ ការប្រើអ្វីដែលហៅថា «ភាពត្រឹមត្រូវខាងនយោបាយ» មកបំភាន់គោលនយោបាយចំពោះប្រទេសចិន វាមិនអាចដោះស្រាយបញ្ហារបស់ខ្លួននោះទេ។ បើសិនជាដើម្បីបង្ហាញ «អាកប្បកិរិយាតឹងរ៉ឹងចំពោះប្រទេសចិន» បែរទៅមិនហ៊ានលុបចោលពន្ធបន្ថែមនោះ គឺជាកលល្បិចនយោបាយដែលគិតមិនបានវែងឆ្ងាយ ហើយបំផ្លាញផលប្រយោជន៍រដ្ឋនិងប្រជាជនអាមេរិក។

ប៉ុន្មានឆ្នាំកន្លងមកនេះ មិនថាបំផុល «ការប្រកួតប្រជែងខាងយុទ្ធសាស្រ្ត» ក៏ដោយ ឬបង្ក «ការបដិបក្ខគ្នាដោយគ្រប់ជ្រុងជ្រោយ» ក៏ដោយ ក៏សុទ្ធតែបញ្ជាក់ថា ការយល់ដឹងចំពោះប្រទេសចិនរបស់ភាគីអាមេរិក មានកំហុសយ៉ាងធ្ងន់។ ភាគីចិនបានបញ្ជាក់ជាច្រើនលើកហើយថា គោលដៅនៃការអភិវឌ្ឍមិនមែនលើសឬជំនួសអាមរិកនោះទេ តែគឺជាការជម្នះលើខ្លួនឯងឥតឈប់ឈរ ដើម្បីធ្វើឱ្យប្រជាជនចិនមានជីវភាពរស់នៅកាន់តែល្អប្រសើរ។

ចិននិងអាមេរិកមានទំនាក់ទំនងល្អ នឹងអាចផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ការធ្វើបដិបក្ខគ្នានឹងមានផលប៉ះពាល់ទាំងសងខាង នេះជាហេតុផលដែលត្រូវបានបញ្ជាក់ជាច្រើនដង ច្រើនលើកពីការពិត។យើងសង្ឃឹមថា ភាគីអាមេរិកអាចក្រេបជញ្ជក់មេរៀនពីបរាជ័យ កែទង្វើខុសឆ្គងឱ្យត្រឹមត្រូវ ហើយមានតែបើកទ្វារទើបអាចឆ្ពោះទៅរក អនាគតនៃកិច្ចសហប្រតិបត្តិការឈ្នះៗ៕

អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន