(កៀវ)៖ ក្រុមអ្នកជម្លៀសខ្លួនចេញពីតំបន់ខឺសុន (Kherson) ភាគខាងត្បូងប្រទេសអ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងទៅដល់ប្រទេសរុស្ស៊ី នៅថ្ងៃសុក្រនេះ បន្ទាប់ពីមន្ត្រីដែលទីក្រុងម៉ូស្គូលើកបន្តុប ស្នើឲ្យពួកគេចាកចេញដើម្បីធានាសុវត្ថិភាពរបស់ខ្លួន ក្រោយពីមានសញ្ញានៃការចុះខ្សោយរបស់កងកម្លាំងទីក្រុងម៉ូស្គូ នៅលើទឹកដីដែលខ្លួនអះអាងថាបានកាត់បញ្ចូល។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២។
មន្រ្តីដែលរុស្ស៉ីលើកបន្តុបក្នុងតំបន់ខឺសុន លោក វ្ល៉ាឌីមៀ សាលដូ (Vladimir Saldo) បានធ្វើការអំពាវនាវតាមវីដេអូមួយ ឲ្យអ្នកស្រុកក្នុងតំបន់នេះចាកចេញជាបន្ទាន់ចូលក្នុងប្រទេសរុស្ស៉ី ដើម្បីការពារខ្លួនពីការផលវិបាកនានាដែលកើតចេញពីការវាយប្រហារដោយមីស៉ីល។ បើតាមទីសារព័ត៌មានរុស្ស៉ី TASS, ជនស៉ីវិលក្រុមដំបូងនៃតំបន់ខឺសុន អាចទៅដល់តំបន់រ៉ូសតូវ (Rostov) ប្រទេសរុស្ស៉ីនៅថ្ងៃសុក្រនេះ។
គួរបញ្ជាក់ថា ខឺសុន គឺជាតំបន់មួយក្នុងចំណោមតំបន់ចំនួន៤របស់អ៊ុយក្រែន ដែលកាន់កាប់ដោយផ្នែកដែលរុស្ស៊ីអះអាងថាបានកាត់បញ្ចូល ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់បំផុត។ វាជាទីតាំងច្រកផ្លូវគោកតែមួយគត់ទៅកាន់តំបន់គ្រីមៀ ដែលរុស្ស៊ីដណ្តើមកាន់កាប់កាលពីឆ្នាំ២០១៤៕