(មីនស្កិ៍)៖ រដ្ឋមន្ត្រីការបរទេសបេឡារុស លោក វ្ល៉ាឌីមៀ មេគី (Vladimir Makei) បាននិយាយថា ប្រទេសបេឡារុស្ស បានផ្តល់អំណាចយ៉ាងទូលំទូលាយដល់កងកម្លាំងសន្តិសុខរបស់ខ្លួន ដើម្បីទប់ស្កាត់ ឬឆ្លើយតបទៅនឹងការបង្កហេតុណាមួយពីប្រទេសជិតខាង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២។
ការបញ្ជាក់របស់លោក មេគី ខាងលើនេះធ្វើឡើងក្នុងបទសម្ភាសន៍មួយ ជាមួយកាសែតរុស្ស៊ី Izvestia ដែលបានចេញផ្សាយនៅថ្ងៃសុក្រនេះ។ លោក មេគី បានគូសបញ្ជាក់ថា «ប្រមុខដឹកនាំប្រទេសរបស់ យើងបានជួបប្រជុំជាមួយភ្នាក់ងារអនុវត្តច្បាប់ ដោយរបបប្រតិបត្តិការប្រឆាំងភេរវកម្មមួយត្រូវបានណែនាំ ក្រោយពីមានព័ត៌មានថារដ្ឋជិតខាងមួយចំនួន កំពុងរៀបចំផែនការបង្កហេតុជាច្រើន រួមទាំងបំណងចង់រឹបអូសយកផ្នែកខ្លះនៃទឹកដីបេឡារុស»។
របបប្រតិបត្តិការប្រឆាំងភេរវកម្មនេះ នឹងផ្តល់សិទ្ធិយ៉ាងទូលំទូលាយដល់កងកម្លាំងសន្តិសុខបេឡារុស រួមទាំងការឃុំខ្លួនដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណ ការរារាំងសកម្មភាពជាក់ស្តែង ការចាប់ខ្សែបណ្តាញ និងគ្រប់គ្រងការធ្វើទំនាក់ទំនងទាំងអស់ ក៏ដូចជាការចូលទៅក្នុងបរិវេណហាមឃាត់ណាមួយ។
គួរបញ្ជាក់ថា ភាពច្របូកច្របល់នៃសកម្មភាពយោធាក្នុងប្រទេសបេឡារុស នាសប្តាហ៍នេះបានទាញការចាប់អារម្មណ៍របស់អ៊ុយក្រែន និងលោកខាងលិចថា ប្រធានាធិបតី លោក អាឡិចសាន់ឌឺ លូកាសឈិនកូ អាចនឹងប្តេជ្ញាចិត្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន៕