(អាស្ដាណា)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រើប្រាស់សុន្ទរកថាមួយរបស់លោក ដើម្បីព្យាយាមបញ្ចុះបញ្ចូលឱ្យបណ្ដាមេដឹកនាំអាស៊ី យល់ថារុស្ស៉ីកំពុងតស៊ូប្រយុទ្ធប្រឆាំងនឹងលោកខាងលិច សំដៅបង្កើតពិភពលោកមួយប្រកបដោយយុត្តិធម៌។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២។

ខណៈកំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់លោកខាងលិច ជុំវិញសង្រ្គាមឈ្លានពានអ៊ុយក្រែន លោក ពូទីន បានផ្លាស់ប្ដូរវោហាសាស្ត្ររបស់លោកពី ការប្រយុទ្ធប្រឆាំងនឹងរបបហ្វាស៊ីសក្នុងទីក្រុងកៀវ មកជាការប្រឈមមុខជាមួយនឹងលោកខាងលិចដែលកំពុងបំពាក់អាវុធជួយអ៊ុយក្រែនប្រយុទ្ធ បណ្ដេញកងទ័ពរុស្ស៉ីឱ្យចេញពីទឹកដីរបស់ខ្លួន។

ថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅឯទីក្រុងអាស្ដាណា ប្រទេសកាហ្សាក់ស្ថានកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក ពូទីន ប្រាប់មេដឹកនាំអាស៊ីដែលចូលរួម ក្នុងកិច្ចប្រជុំនេះថាលោកខាងលិចនៅតែជាមហាអំណាចអាណានិគមន៍ និងកេងចំណេញផលប្រយោជន៍ពីប្រទេសក្រីក្រ ដើម្បីបម្រើផលប្រយោជន៍ របស់ខ្លួនឯង។

គួរបញ្ជាក់ថា បើតាមលោក ពូទីន សព្វថ្ងៃ ពិភពលោកបានក្លាយជាពិភពមានប៉ូលមហាអំណាចច្រើន ហើយអាស៊ីគឺជាមហាអំណាចមួយដែលកំពុង លេចត្រដែតឡើង និងមានតួនាទីយ៉ាងសំខាន់នៅលើឆាកអន្តរជាតិ៕