(ឡាអេ)៖ រដ្ឋអាជ្ញារបស់សាលាក្តីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រទេសអ៊ុយក្រែនអាចធ្វើបត្យាប័នជនសង្ស័យឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ី ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ទោះបីជាទីក្រុងម៉ូស្គូមិនមែនជាសមាជិកក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២។

រដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ លោក Karim Khan បាននិយាយថា អាជ្ញាធរក្រុងកៀវអាចបញ្ជូនជនជាតិរុស្ស៊ី ទៅកាន់តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេបាន ប្រសិនបើការកាត់ក្តីមិនអាចធ្វើឡើងក្នុងប្រទេសអ៊ុយក្រែនេះ សម្រាប់ហេតុផលផ្លូវច្បាប់ណាមួយ។ លោកបញ្ជាក់ថា «តាមច្បាប់ នេះនឹងមិនជាឧបសគ្គដល់យុត្តាធិការរបស់តុលាការទេ»។

គួរបញ្ជាក់ថា រុស្សីដែលបានលុកលុយអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ បានបដិសេធមិនចូលរួមក្នុង ICC ខណៈតុលាការដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២នេះ គឺធ្វើឡើងសម្រាប់កាត់ទោសមនុស្សពីបទឧក្រិដ្ឋកម្ម រួមទាំងឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ព្រមទាំងអំពើប្រល័យពូជសាសន៍ផងដែរ៕