(ព្រុចសែល)៖ អាល្លឺម៉ង់ព្រមទាំងសមាជិកណាតូ (NATO) ចំនួន១៣ប្រទេសទៀត កំពុងតែដាក់គោលដៅដើម្បីរួមគ្នាទិញ ប្រព័ន្ធការពារដែនអាកាស ដែលនឹងត្រូវប្រើប្រាស់សម្រាប់ការពារទឹកដីសម្ព័ន្ធមិត្តពីមីស៉ីល។ ប្រព័ន្ធដូចជា អារ៉ូ-ស៊្រី (Arrow 3) របស់អ៉ីស្រាអែល, ប្រព័ន្ធ ប៉ាទ្រីយ៉ូត (Patriot) របស់អាមេរិក ហើយនិង អារីស-ទេ (IRIS-T) របស់អាល្លឺម៉ង់ គឺស្ថិតក្នុងជម្រើសដំបូង។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២។

កំលុងពិធីចុះហត្ថលេខាលើលិខិតបង្ហាញឆន្ទៈ ដោយប្រទេសទាំង១៤ ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់ NATO ក្នុង​ទីក្រុងព្រុចសែល នៃប្រទេសបែលហ្ស៉ិក នាថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោកស្រី គ្រីស្ទីន ឡាមប៊្រិច (Christine Lambrecht) បាននិយាយដូច្នេះថា «តាមរយៈកិច្ចផ្តួចផ្តើមនេះ យើងកំពុងបំពេញការទទួលខុសត្រូវរួម សម្រាប់សន្តិសុខនៅអឺរ៉ុប គឺដោយប្រមូលផ្តុំធនធានគ្នា»

គួរបញ្ជាក់ថា សមាជិករបស់ NATO សរុបចំនួនពាក់កណ្តាល ចូលរួមក្នុងកិច្ចផ្តួចផ្តើមនេះ គឺអាល្លឺម៉ង់ ចក្រភពអង់គ្លេស ស្លូវ៉ាគី ន័រវែស ឡេតូនី ហុងគ្រី ប៊ុលហ្ការី បែលហ្ស៉ិក ឆែក ហ្វាំងឡង់ លីទុយអានី នេតដឺឡង់ (ហូឡង់) រ៉ូម៉ានី និងស្លូវ៉ានី។ លោកស្រី ឡាមប្រ៊ិច បានបង្ហើបថា ជម្រើសដំបូងនៃប្រព័ន្ធការពារអាកាស ដែលនឹងត្រូវទិញ រួមមានប្រព័ន្ធ Arrow 3, Patriot, និង IRIS-T ជាដើម៕