(អូតូវ៉ា)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ កាណាដាបានប្រកាសថា ខ្លួននឹងផ្តល់កញ្ចប់ជំនួយយោធាថ្មីទៀតទំហំ ៣៤.០៦លានដុល្លារអាមេរិក ដើម្បីជួយដល់អ៊ុយក្រែនក្នុងការប្រយុទ្ធតទល់ នឹងការឈ្លានពានរបស់រុស្ស៉ី ដោយក្នុងជំនួយថ្មីនោះ រួមមានទាំងគ្រាប់កាំភ្លើងធំ, ឧបករណ៍ទាក់ទង, សម្លៀកបំពាក់រដូវរងា និងកាមេរ៉ាដ្រូនជាដើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២។
រដ្ឋមន្រ្តីការពារជាតិកាណាដា លោកស្រី អានីតា អាណាន (Anita Anand) គឺជាអ្នកដែលបានប្រកាសពីកញ្ចប់ជំនួយយោធាខាងលើ ខណៈវានឹងបន្ថែមពីលើបរិក្ខារយោធាក៏ដូចជាសព្វាវុធ សរុបជាទឹកប្រាក់ស្មើនឹង ៤៣៤.១១លានដុល្លារអាមេរិក ដែលកាណាដាបានបរិច្ចាគ ឬប្តេជ្ញាផ្តល់ឱ្យអ៊ុយក្រែន គិតចាប់តាំងពីរុស្ស៉ីបានចាប់ផ្តើមការឈ្លានពានរបស់ខ្លួន កាលពីថ្ងៃទី២៤ ខែកុម្ភៈមក។
កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រុមប្រទេសលោកខាងលិចជាង៥០ បានជួបគ្នាដើម្បីសន្យាផ្តល់សព្វាវុធបន្ថែមដល់ ទីក្រុងកៀវ ជាពិសេសនោះ គឺប្រព័ន្ធការពារដែនអាកាស បន្ទាប់ពីរុស្ស៉ីបានធ្វើការវាយប្រហារដោយមីស៉ីលយ៉ាងចាស់ដៃ លើអ៊ុយក្រែន។ ការវាយប្រហាររបស់រុស្ស៉ី ដែលប្រើប្រាស់មីស៉ីលសរុបច្រើនជាង១០០គ្រាប់ បានផ្តាច់ជីវិតមនុស្សយ៉ាងហោច២៦នាក់ នៅទូទាំងអ៊ុយក្រែន ចាប់តាំងពីថ្ងៃចន្ទសប្តាហ៍នេះ នៅពេលប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាឱ្យមានការសងសឹកចំពោះ ការបំផ្ទុះស្ពានគ្រីមៀ ដែលលោកចោទអ៊ុយក្រែន ជាអ្នកនៅពីក្រោយ។
គួរបញ្ជាក់ថា កញ្ចប់ជំនួយយោធាថ្មីបំផុតខាងលើ របស់កាណាដារួមមានដូចជា ថវិកា១១លានដុល្លារអាមេរិក សម្រាប់គ្រាប់កាំភ្លើងធំស្តង់ដាណាតូ ទំហំ១៥៥មីលីម៉ែត្រ រួមទាំងគ្រឿងបន្លាស់ផ្សេងៗទៀត ដែលត្រូវគ្នាជាមួយប្រព័ន្ធកាំភ្លើងធំហោវីតសឺ M777។ ក្រៅពីនេះ ជិត១១លានដុល្លារអាមេរិក សម្រាប់សម្លៀកបំពាក់រដូវរងាសរុប ៤០០,០០០ឈុត ហើយនិងកាមេរ៉ាដ្រូនសរុបស្មើនឹងទឹកប្រាក់ជាង ១១លានដុល្លារទៀត៕