(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ រដ្ឋបាលលោក ចូ បៃដិន បានព្រមានថា ក្នុងពេលខ្ទង់១ទសវត្សរ៍ សហរដ្ឋអាមេរិកនឹងត្រូវទប់ទល់ ជាមួយកំពូលមហាអំណាចនុយក្លេអ៊ែរចំនួន២ ជាលើកដំបូងបំផុត មិនមែនតែ១ ដូចកាលពីមុនទៀតនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២។
ផែនការយុទ្ធសាស្រ្តសន្តិសុខជាតិ (NSS) ដែលសហរដ្ឋអាមេរិកទើបតែចេញផ្សាយ បានចាត់ទុកចិន ជាគូប្រជែងរយៈពេលវែងធំបំផុតរបស់ទីក្រុងវ៉ាស៉ីនតោន ខណៈរុស្ស៉ីត្រូវបានចាត់ទុកជា ការគំរាមកំហែងភ្លាមៗសម្រាប់ពេលឥឡូវ ដោយសំដៅលើជំហរនុយក្លេអ៊ែរបស់ទីក្រុងមូស្គូ ជុំវិញវិបត្តិសង្រ្គាមនៅអ៊ុយក្រែន។ កន្លងមកនេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានព្រមានប្រើប្រាស់ «គ្រប់មធ្យោបាយ» ដើម្បីការពារទឹកដីរបស់រុស្ស៉ី ក្នុងនោះលោករាប់បញ្ចូលទាំងតំបន់គ្រីមី និងតំបន់ចំនួន៤ទៀត ដែលរុស្ស៉ីទើបកាត់យកពីអ៊ុយក្រែន កាលពីពេលថ្មីៗនេះ។
គួរបញ្ជាក់ថា យោងតាមការប៉ាន់ស្មានរបស់ក្រុមអ្នកជំនាញ សព្វថ្ងៃចិនអាចមានក្បាលគ្រាប់នុយក្លេអ៊ែរសរុបខ្ទង់ ៣៥០គ្រាប់ ធៀបនឹង ៥,៩៧៧គ្រាប់របស់រុស្ស៉ី ហើយនិង៥,៤២៨គ្រាប់របស់អាមេរិក។ យ៉ាងណាមិញ មន្ទីរបញ្ចកោណជឿថា ក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិន អាចនឹងកើនដល់ច្រើនជាង១,០០០គ្រាប់ នៅត្រឹមឆ្នាំ២០៣០ ដែលធ្វើឱ្យចិនក្លាយជាកំពូលមហាអំណាចនុយក្លេអ៊ែរទី៣។
នៅក្រោមសន្ធិសញ្ញា New Start ដែលជាសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរដ៏សំខាន់និងចុងក្រោយបំផុត អាមេរិកនិងរុស្ស៉ី បានព្រមព្រៀងគ្នាថា ភាគីម្ខាងៗអាចដាក់ពង្រាយ ក្បាលគ្រាប់នុយក្លេអ៊ែរជាយុទ្ធសាស្រ្តច្រើនបំផុតត្រឹម ១,៥៥០គ្រាប់ ដោយសំដៅលើក្បាលគ្រាប់ដែលបំពាក់នៅលើ មីស៉ីលបាញ់ចេញពីដីគោក ឬសមុទ្រ ឬក៏នៅតាមយន្តហោះទម្លាក់គ្រាប់បែក៕