(យូអិន)៖ បន្ទាប់ពីមហាសន្និបាតនៃអង្គការសហប្រជាជាតិ (UNGA) បានបោះឆ្នោតក្នុងសំឡេងច្រើនលើសលប់ថ្កោលទោសទៅលើ ការកាត់យកទឹកដីអ៊ុយក្រែនដោយប្រទេសរុស្ស៉ី ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចេញមុខស្ងើចសរសើរលទ្ធផលនេះ ហើយថាវាគឺជាការផ្ញើសារយ៉ាងច្បាស់ ចំពោះទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២។

បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន លោក បៃដិន បាននិយាយថា បញ្ហាសង្រ្គាមនៅអ៊ុយក្រែន គឺមានសារសំខាន់ណាស់ ហើយអន្តរជាតិបានផ្ញើសារយ៉ាងច្បាស់មួយ ជាការឆ្លើយតបទៅកាន់រុស្ស៉ី នោះគឺរុស្ស៉ីមិនអាចលុបបំបាត់រដ្ឋអធិបតេយ្យមួយចេញពី​ផែនទីពិភពលោកបានដាច់ខាត។ លោកប្រធានាធិបតីអាមេរិក បានបន្តទៀតថា រុស្ស៉ីមិនអាចកែប្រែបន្ទាត់ព្រំដែន ដោយប្រើកម្លាំង​យោធានោះឡើយ ហើយរុស្ស៉ីមិនអាចដណ្តើមទឹកដីប្រទេសដទៃ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួននោះទេ។

ចំណែកប្រធានាធិបតីអ៊ុយក្រែនវិញ ក៏បានបង្ហោះសារអរគុណចំពោះបណ្តាប្រទេសជាង១៤០ ដែលបានគាំទ្រសេចក្តីសម្រេចរបស់​ UNGA ផងដែរ ដោយលោកបានសង្កត់ធ្ងន់ថា ពិភពលោកបានបង្ហាញជំហរយ៉ាងច្បាស់ៗ គឺការប៉ុនប៉នកាត់ទឹកដីដោយខុសច្បាប់របស់រុស្ស៉ី គ្មានតម្លៃនិងគ្មានថ្ងៃទទួលស្គាល់ ដោយក្រុមប្រទេសលោកសេរីឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ ២ភាគ៣នៃ UNGA ឬស្មើនឹង១៤៣ប្រទេស បាននាំគ្នាបោះឆ្នោតគាំទ្រលើសេចក្តីសម្រេច ដែលថ្កោលទោសការកាត់យកតំបន់ចំនួន៤ នៅភាគខាងកើតនិងខាងត្បូងអ៊ុយក្រែន ដោយរុស្ស៉ីជាទង្វើខុសច្បាប់។ ក្នុងការបោះឆ្នោតនោះ មានប្រទេសតែ៤ប៉ុណ្ណោះ ដែលចូលរួមជាមួយរុស្ស៉ីបង្ហាញសំឡេងជំទាស់ រួមមានស៉ីរី នីការ៉ាហ្កា កូរ៉េខាងជើង និងបេឡារុស។ រីឯប្រទេសចំនួន៣៥ បានធ្វើអនុវប្បវាទរួមមានទាំងចិននិងឥណ្ឌា ខណៈប្រទេសប៉ុន្មានទៀត គឺមិនបានចូលរួមបោះតែម្តង៕