(ឡុងដ៏)៖ អង់គ្លេសបានឲ្យដឹងថា ខ្លួននឹងបរិច្ចាគគ្រាប់មីស៉ីលការពារដែនអាកាស ដែលមានសមត្ថភាពបាញ់ទម្លាក់មីស៉ីលគ្រូស (cruise) សម្រាប់អ៊ុយក្រែន បន្ទាប់ពីមានការវាយប្រហាររបស់រុស្ស៊ី លើទីក្រុងកៀវ និងទីក្រុងផ្សេងទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២។

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក បេន វ៉ាឡេស (Ben Wallace) បានប្រកាសពីការគាំទ្រថ្មីខាងលើនេះនៅមុនកិច្ចប្រជុំរបស់អង្គការ NATO ក្នុងទីក្រុងព្រុចសែល។ ចក្រភពអង់គ្លេស នឹងផ្តល់មីស៊ីលរយៈចម្ងាយមធ្យកម្រិតខ្ពស់ ឬ AMRAAM ក្នុងប៉ុន្មានសប្តាហ៍ខាងមុខទៀត ដែលទីក្រុងកៀវអាចយក ទៅប្រើប្រាស់ជាមួយប្រព័ន្ធការពារដែនអាកាស NASAMS ដែលសន្យាផ្តល់ដោយសហរដ្ឋអាមេរិក។ ជាមួយគ្នានេះមីស៉ីលការពារដែនអាកាសរាប់រយ ដើមនៃប្រភេទផ្សេងៗគ្នាទៀត ក៏នឹងត្រូវផ្តល់ឲ្យអ៊ុយក្រែនរួមជាមួយនឹងយន្តហោះដ្រូន និងកាំភ្លើងធំផងដែរ។

គួរបញ្ជាក់ថា បណ្ដាប្រទេសលោកខាងលិច បានថ្កោលទោសរុស្ស៉ី ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង ជាពិសេសការវាយប្រហារតាមអាកាសចុងក្រោយ បង្អស់របស់រុស្ស៊ី ខណៈទីក្រុងកៀវ កំពុងស្នើសុំឱ្យសម្ព័ន្ធមិត្តបញ្ជូនប្រព័ន្ធការពារដែនអាកាសមកបន្ថែម៕