(ព្រុចសែល)៖ មន្ត្រីជាន់ខ្ពស់ម្នាក់របស់អង្គការណាតូ (NATO) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថាការវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរណាមួយ របស់រុស្ស៊ី នឹងផ្លាស់ប្តូរទិសដៅនៃសង្រ្គាមសព្វថ្ងៃ ហើយអាចនឹងជំរុញឱ្យសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន រួមទាំងបក្សសម្ព័ន្ធយោធាមួយនេះចាត់វិធានការឆ្លើយតប ជាក់ស្ដែង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២។

មន្ត្រីជាន់ខ្ពស់រូបនេះធ្វើការកត់សម្គាល់ខាងលើ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មួយថ្ងៃមុននឹងកិច្ចប្រជុំបិទទ្វារនៃក្រុមមន្ត្រីផែនការនុយក្លេអ៊ែររបស់ អង្គការណាតូ ប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ មន្ត្រីរូបនេះដដែលបានគូសបញ្ជាក់បន្ថែមថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយនឹងនាំមកនូវ «ផលវិបាកដែលមិនធ្លាប់មានពីមុនមក» សម្រាប់ប្រទេសរុស្ស៊ី។ ជាមួយគ្នានេះ ការវាយប្រហារនុយក្លេអ៊ែរដោយទីក្រុងមូស្គូ «ពិតជាអាចនឹងជំរុញឱ្យមានការ ចាត់វិធានការជាក់ស្ដែងពីសម្ព័ន្ធមិត្តជាច្រើន ហើយនឹងពីណាតូខ្លួនឯងផងដែរ»។

ទីក្រុងមូស្គូ បាននិងកំពុងប្រើប្រាស់ការគំរាមកំហែងនុយក្លេអ៊ែររបស់ខ្លួន ដើម្បីរារាំងអង្គការណាតូនិងប្រទេសផ្សេងទៀត កុំឱ្យលូកដៃ ឬបន្តផ្ដល់ការគាំទ្រ ដល់អ៊ុយក្រែនដែលកំពុងបន្តភាពរីកចម្រើននៅសមរភូមិភាគខាងកើត និងភាគខាងត្បូងនៃប្រទេស។

គួរបញ្ជាក់ថា អង្គការណាតូ បានប្រកាសថាខ្លួននឹងបន្តធ្វើសមយុទ្ធត្រៀមនុយក្លេអ៊ែរប្រចាំឆ្នាំ ដែលមានឈ្មោះថា Stadfast Noon នៅសប្តាហ៍ក្រោយ ដែលក្នុងនោះកងទ័ពអាកាសរបស់ណាតូ នឹងអនុវត្តពីរបៀបប្រើប្រាស់គ្រាប់បែកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅអឺរ៉ុប ជាមួយការ បណ្ដុះបណ្ដាលការហោះហើរ ដោយមិនមានការបាញ់គ្រាប់ពិតទេ៕